(តូក្យូ)៖ ឆ្លៀតឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅប្រទេសជប៉ុន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាជាមួយភាគីដៃគូនៅជប៉ុន មកពីប្រទេសតួកគី ប្រទេសហ្សាម៉ាអ៉ិក ដើម្បីជំរុញកំណើនបន្ថែមទៀត ក្នុងវិស័យទេសចរណ៍ ជំរុញចលនាទេសចរអន្តរជាតិ ក៏ដូចជាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ជាដើម។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះថា កិច្ចពិភាក្សាទាំងនេះ ធ្វើឡើងនាឱកាសដែលក្រសួងទេសចរណ៍កម្ពុជា ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism Expo Japan 2022 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២២។

នាអំលុងពេលនោះ លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក Muttalip ILHA អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអាកាសចរណ៍តួកគី ដើម្បីជំរុញឱ្យមានការហោះហើរត្រង់ពីប្រទេសតួកគីមកកាន់កម្ពុជា។ ត្រង់ចំណុចនេះ ក៏សូមរំលឹកដែរថាកាលពីជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នាពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីផងដែរ។

ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការក៏បានទទួលស្វាគមន៍លោក Hon. Edmund Bartlett រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសហ្សាម៉ាអ៉ិក និងឯកអគ្គរដ្ឋទូតហ្សាម៉ាអ៉ិកប្រចាំប្រទេសជប៉ុន ផ្ដោតលើទំនាក់ទំនងក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងចលនាទេសចរអន្តរជាតិ។

ក្រៅពីនេះ ក្រុមការងារនៃក្រសួងទេសចរណ៍កម្ពុជា ក៏បានជួបជាមួយអ្នកសារព័ត៌មានអន្តរជាតិ អ្នកទិញ ក្រុមហ៊ុនទេសចរណ៍នានា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា លើទីផ្សារអន្តរជាតិ។

លោក ប្រាក់ វុទ្ធី បានបន្តទៀតថា ពន្លាឬស្ដង់ពិព័រណ៍ក្រសួងទេសចរណ៍ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដោយការរំលេចបង្ហាញនូវគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាពិសេសប្រាសាទអង្គរវត្ត។

បើតាមលោក ប្រាក់ វុទ្ធី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅជប៉ុននេះ គឺស្របពេលនៃការចាប់ផ្តើមឧស្សាហកម្មទេសចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំកន្លះ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ឧស្សាហកម្មទេសចរណ៍កំពុងងើបឡើងវិញជាលំដាប់ ខណៈដែលការរឹតបន្តឹងការធ្វើដំណើរត្រូវបានលើកលែងជាបណ្តើរៗនៅទូទាំងពិភពលោក៕