(ទីក្រុងបាលី, ឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មឱ្យមានភាពត្រឹមត្រូវ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក គឺជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកទស្សទានល្អៗរបស់បណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្ម ទៅលើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធដោះស្រាយវិវាទនេះ មានលក្ខណៈកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួចដែលមិនធ្លាប់មានវិវាទ ក៏ដោយ ក៏កម្ពុជាមានគោលបំណងឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ផ្តល់សំទ្បេងឱ្យក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅក្នុងដំណើរការក្ដីផ្សេងៗនៅក្នុងប្រព័ន្ធនេះ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ដើម្បីឱ្យប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវជៀសវាងការបង្កើតរាល់នីតិវិធី និងវិធានដែលមានលក្ខណៈស្មុគ្រស្មាញ និងថ្លៃចំណាយខ្ពស់ ដែលអាចបង្ករជារបាំងផ្នែករដ្ឋបាល ហើយប៉ះពាល់ដល់ការចូលរួមដំណើរការក្ដីរបស់ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសផ្សេងទៀត។

លោក ប៉ាន សូរស័ក្តិ បានបន្តថា ជំនួយបច្ចេកទេស និងដំបូន្មានផ្នែកច្បាប់ត្រូវតែផ្ដល់ជូនដល់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីជាជំនួយដល់ដំណើរការក្ដីផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមប្រទេសនេះ។ បន្ថែមពីនេះ គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមកពីគ្រប់តំបន់ និងយេនឌ័រ ហើយត្រូវជំរុញឱ្យមានចៅក្រមដែលមានសមត្ថភាពមកពីប្រទេសសមាជិកអភិវឌ្ឍតិចតួច ផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មជាមួយគ្រប់បណ្ដាភាគីពាក់ព័ន្ធ នៅក្នុងកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រព័ន្ធនេះមានដំណើរការកាន់តែល្អប្រសើរបន្ថែមទៀត នាពេលអនាគត៕