(បន្ទាយមានជ័យ)៖ កងទ័ពកើតពីប្រជាជន ធ្វើសកម្មភាពដើម្បីប្រជាជន គឺជាស្មារតីដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅតែពីតួនាទីស្នូលក្នុងការការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែឃើញមុខជានិច្ចក្នុងសកម្មភាពសង្គម និងការជួយពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្នុងសកម្មភាពនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ ខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជន់លិចផ្ទះ និងដំណាំកសិកម្មប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំស្ពានស្រែង សរុបចំនួន ៦ភូមិ ប្រជាពលរដ្ឋរងគ្រោះ សរុបចំនួន ១,០១៥គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនជន់លិចផ្ទះ តែអាចបន្តរស់នៅបាន ដោយឡែកប្រជាពលរដ្ឋ ចំនួន ២៥គ្រួសារ សត្វពាហនៈ សម្ភារៈ ត្រូវបានកងកម្លាំងជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ចំពោះស្ថានភាពនៃការជន់លិចនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់តាមដាន និងត្រៀមលក្ខណៈសម្បត្តិជានិច្ចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ កងទ័ពនៃមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំដើម្បីអន្តរាគមន៍ជួយដល់ពលរដ្ឋរងគ្រោះផងដែរ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ ២៤ម៉ោង លើ២៤ម៉ោង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។ ក្នុងនោះមានកម្លាំងមួយផ្នែក មានទូកសង្គ្រោះ និងរថយន្តធំ បានបញ្ជូនទៅប្រចាំការនៅតំបន់កំពុងរងគ្រោះឲ្យបានទាន់វេលា។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ ចូលរួមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងត្រូវប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕