(ភ្នំពេញ)៖ ដោយការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការយកចិត្តទុកដាក់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានាក្នុងក្របខណ្ឌ ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាមួយនឹងការត្រួតពិនិត្យលើផលិតផល ប្រើប្រាស់ពីអនុលោមភាពនៃស្លាកសញ្ញានៅចំនុចផ្សារធំថ្មី។

មន្ត្រីសាខា ក.ប.ប. រាជធានីភំ្នពេញ បានឱ្យដឹងថា ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាធិការផ្សារធំថ្មី នាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងបានស្រង់យកគំរូ៥០ មកវិភាគនៅរថយន្តពិសោធន៍ ជាលទ្ធផល ពុំមានវត្តមានសារធាតុគីមីហាមឃាត់ទេ។ ជាមួយនោះក៏បានត្រួតពិនិត្យលើផលិតផលប្រើប្រាស់ពីអនុលោមភាពនៃស្លាកសញ្ញាទ័យវត្ថុ សាដក់ និងកាដូរអនុស្សាវរីយ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាលទ្ធផលទំនិញមានប្រក្រតីភាព។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ស្របជាមួយនេះក៏បានរៀបចំនាំយកផលិតផលសាច់ សាច់បង្កក ខូចគុណភាព គ្មានសុវត្ថិភាព ខូចទ្រង់ទ្រាយ ហួសកាលបរិច្ឆេទ ដែលបានដកហូតពីទីតាំងស្តុកទុក លក់ ចែកចាយ ដោយស្ម័គ្រចិត្តចំនួន ៣,៤៥០គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សំរាមនៅខណ្ឌដង្កោផងដែរ៕