(ភ្នំពេញ)៖ នៅម៉ោងជាង១០៖០០ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរដើមបណ្តឹង លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភី បញ្ញាជន ដែលបានពាក្យប្តឹង ថ្នាក់ដឹកនាំ គ.ជ.ប អំពីករណីពុករលួយ។

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង់ ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយក្នុងការតែងតាំង និងការធ្វើ សមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងថា លោក រស់ សារ៉ុម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រឿងប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនមានមូលដ្ឋានច្បាស់លាស់។ លោកចាត់ទុកថា ករណីនេះជាការបរិហារកេរ្តិ៍៕