(ភ្នំពេញ)៖ លោក អាឈីម ស្តេនន័រ (Achim Steiner) អភិបាលកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានសម្តែងការរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ ក៏ដូចជាភាពរីកចម្រើននៅកម្ពុជា។ ក្នុងនាមជាដៃគូគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា លោកអភិបាល UNDP បានសន្យាបន្តជួយកម្ពុជាឱ្យសម្រេចបានការអភិវឌ្ឍន៍ទៅតាមផែនការរបស់ខ្លួន។

ការបង្ហាញនូវក្តីរីករាយចំពោះភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាបង្ហាញជំហរបន្តជួយកម្ពុជាលើការងារអភិវឌ្ឍន៍ពីសំណាក់អភិបាល UNDP បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅអគារទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា។

UNDP គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានា UNDP បានរួមចំណែកផ្តល់ជំនួយជាច្រើន ដើម្បីគាំទ្រការអភិវឌ្ឍន៍ទាំងធនធានមនុស្ស សេដ្ឋកិច្ច និងវិស័យជាច្រើនផ្សេងទៀត។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដទៃទៀត ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយជំរុញគោលដៅអភិវឌ្ឍន៍ សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ដោយឡែកលោក អាឈីម ស្តេនន័រ លើកឡើងថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍របស់កម្ពុជា។ លោក បានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍន៍ និងការរីកចម្រើននៅកម្ពុជាកន្លងមក ហើយ UNDP នៅតែបន្តគាំទ្រកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។

លោកបណ្ឌិត កៅ គឹមហួន គូសបញ្ជាក់ដូច្នេះ « ឯកឧត្តម [អាឈីម ស្តេនន័រ]ពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយកម្ពុជា។ ឯកឧត្តម ក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

បើតាមលោកបណ្ឌិត កៅ គឹមហួន នៅក្នុងជំនួបខាងលើអភិបាល UNDP បានលើកឡើងផងដែរថា ការងារបម្រែបម្រួលអាកាសធាតុ គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ហើយ UNDP នឹងបន្តធ្វើការងារនេះជាមួយកម្ពុជាបន្តទៀត។

ឆ្លៀតនៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញកិច្ចការអាទិភាពមួយចំនួន ដែលទាមទារឱ្យមានការគាំទ្រជាចាំបាច់ពី UNDP។ កិច្ចការនោះរួមមាន ការដោះមីន ខណៈកម្ពុជាកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ និងការប្រែប្រួលអាកាសធាតុ ខណៈកម្ពុជាប្រធានអាស៊ាន បានដាក់ចេញនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។

ឆ្លើយតបនឹងសំណើរបស់សម្តេចតេជោ លោក អាឈីម ស្តេនន័រ បានលើកឡើងថា លោកឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ។ លោកក៏បានគូសបញ្ជាក់ដែរថា UNDP នឹងបន្តជួយប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ ទាក់ទងការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា។

«យើងនឹងធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ ជាពិសេសលើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ នេះជាការគូសបញ្ជាក់របស់អភិបាល UNDP ហើយត្រូវបានដកស្រង់សម្តីដោយលោកបណ្ឌិត កៅ គឹមហួន។

ពាក់ព័ន្ធកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ អភិបាល UNDP បានលើកឡើងថា ចំពោះប្រទេសកំពុងមានការអភិវឌ្ឍន៍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។

លោកបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលត្រូវធ្វើ គឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះ លោក អាឈីម ស្តេនន័រ ក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺត្រូវជំរុញការងារនេះរួមគ្នា។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលោកអភិបាល UNDP បំពេណទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ៕