(កំពង់ស្ពឺ)៖ លោក ទឹម ផានូ អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងច្បារមន នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំ កម្លាំង អធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងល្បែងអ៊ីនធឺណេតអនឡាញ ដែលលួចបើកធ្វើអាជីវកម្ម ដោយខុស ច្បាប់ មាន់ជល់តាម Online ចាក់តាមទូរស័ព្ទ ក្នុងតូបលក់កាហ្វេមួយកន្លែង ស្ថិតនៅចំណុចបេនឡានផ្សារកំពង់ស្ពឺ ក្នុងនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ទឹម ផានូ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មាន៖ ឈ្មោះ សុខុម វណ្ណលីដា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ ក្រាំងពលទេព សង្កាត់ច្បារមន ក្រុងច្បារមន ទី២៖ ឈ្មោះ វឿន សុវី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន។

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ លុយខ្មែរចំនួន ២,៣០០,០០០រៀល កុំព្យូទ័រចំនួន០១គ្រឿង ទូរទស្សន៍ចំនួន ០២គ្រឿង ស៊ីភីយូចំនួន០១គ្រឿង ដុំ WiFi ចំនួន០១គ្រឿង ទូរស័ព្ទម៉ាក Oppo ចំនួន០១គ្រឿង និងម៉ូតូ Scoopyចំនួន ០១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1O 2514។

លោក ទឹម ផានូ បានបន្ថែមថា ករណីខាងលើនេះបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ៕