(ភ្នំពេញ)៖ លោក ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ជនបរទេសដែលស្នាក់នៅកម្ពុជារយៈពេលយូរ ចាប់ពីពីរឆ្នាំឡើងទៅ ប្រមាណជិត២ពាន់នាក់ បានដាក់ពាក្យស្នើសុំធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឡុង កុសល បានបញ្ជាក់បែបនេះថា «តាមព័ត៌មានដែលខ្ញុំទទួលបានពីអគ្គនាយក នៃគ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងការលក់សំបុត្រនេះ បានបញ្ជាក់ថា បានប្រហែលជិត២ពាន់នាក់ហើយ មកដល់ពេលនេះ»

ជាមួយគ្នានេះ លោក ឡុង កុសល បានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ មានចំនួនភ្ញៀវទេសចរអន្ដរជាតិ ដែលបានចូលទស្សនារមណីយដ្ឋានអង្គរ មានប្រមាណ៧.៦លាននាក់ ក្នុងនោះប្រមូលបានចំណូលប្រមាណ៣៤២លានដុល្លារ។ ដោយឡែក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរដែលបានចូលទស្សនារមណីយដ្ឋានអង្គរ មានប្រមាណ១១ម៉ឺននាក់ ក្នុងនោះប្រមូលចំណូលបានជិត៤.៥លានដុល្លារ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។

សេចក្ដីជូនដំណឹងដដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ រួមមាន មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

ចំពោះបែបបទ នៃការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ http://spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹកចាប់ពីថ្ងៃប្រកាសនេះតទៅ៕