(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារតំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមក្នុងអង្គសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តំណាងដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីអាជីវករ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ធនាគារព្រិនស៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្រុមហ៊ុន Metfone អង្គការតម្លាភាពកម្ពុជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះវិហារ មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម បានចាប់ដៃគ្នាសហការរៀបចំអោយអង្គសិក្ខាសាលាថ្ងៃនេះលេចរូបរាងឡើង ដើម្បីបំពេញចំណេះដឹងថ្មីបន្ថែមក្នុងការពង្រឹងសមត្ថភាពអភិវឌ្ឍការងារធុរៈកិច្ច និងអាជីវកម្មអោយកាន់តែរីកចម្រើនបន្ថែមទៀតក្នុងខេត្តព្រះវិហារ។

លោក អ៊ុក គឹមសាន្ត បានថ្លែងថា ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកសូមសំដែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅនិងកក់ក្តៅបំផុត ចំពោះវត្តមានលោកឧកញ៉ា លោក លោកស្រី ដែលបានចំណាយពេលដ៍មមាញឹក ក្នុងការចូលរួមចែករំលែក ចំណេះដឹងនិងបទពិសោធន៍ នៅក្នុងអង្គសិក្ខាសាលាដ៍មានសារៈសំខាន់នាពេលនេះ។លោកក៍សូមវាយតម្លៃខ្ពស់និងកោតសរសើរដល់លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនិងថ្នាក់ដឹកនាំសម្ព័ន្ធ សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាមួយមន្ទីរពាក់ព័ន្ធនានា រៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង។

លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញនិងគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលជាមូលដ្ឋានគ្រឹះដ៍សំខាន់សម្រាប់អភិវឌ្ឍន៍ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិនិងសង្គមជាតិ។ តាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មដោយផ្តោតសំខាន់ទៅលើអនុវត្តសហគ្រិនភាព វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ស្របតាមចក្ខុវិស័យដែលបានគ្រោងទុក ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយឡែកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានថ្លែងថា ដោយមើលឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេនិងផ្នែកទីផ្សារ។

លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាសម្ព័ន្ធសមាគមនសហគ្រាសធុនតូចនិងមធ្យមបើកវគ្គនៅថ្ងៃនេះ?គឺចង់ឱ្យសហគ្រាសធុនតូចនិងមធ្យមឱ្យយល់ដឹងពីកម្ចីហិរញ្ញវត្ថុ ពីរបៀបកម្ចី និងរបៀបប្រើប្រាស់កម្ចីឱ្យចំគោដៅ។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា គោលនយោបាយរបា់រាជរដ្ឋាភិបាល គឺកាត់បន្ថយការនាំផលិតផលសម្រេចចូល។ចឹងលោកនឹងទំនាក់ទំនងជាមួយអាជ្ញាធរខេត្តព្រះវិហារ ដើម្បីរកជួលដីចំនួន៣០ហិកតា បង្កើតជារោងចក្រកែច្នៃ ដើម្បីឱ្យបងប្អូនយើងអាចចូលទៅកែឆ្នៃផលិតផលទៅតាមមុខរបររបស់បងប្អូន ហើយពេលដែលយើងផលិតបានហើយ យើងនឹងដាក់ឈ្មោះផលិតផលជាខេត្តរបស់យើង។

លោក តែ តាំងប៉ ក៏បានថ្លែងប្រាប់ទៀតថា៖សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមគ្មានប្រាក់ជួលបងប្អូនមកចូលរួមសិក្សាសាលាមែន ប៉ុន្តែសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានផ្តល់ចំណេះដឹង បទពិសោធន៍ ដល់បងប្អូន ដើម្បីឆ្ពោះទៅការប្រកបអាជីវកម្មដោយភាពជោគជ័យ៕