(សៀមរាប)៖ បារាយណ៍ខាងជើង (ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូង អាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះ មានតួនាទីសំខាន់ណាស់ ក្នុងជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះ សម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង ៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨ បារាយណ៍នេះ ចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។

ថ្មីៗនេះ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវជំនាញ ខាងគ្រប់គ្រងទឹកមួយចំនួន មិនដែលគិតឃើញថា នឹងអាចធ្វើឲ្យបារាយណ៍នេះ មានទឹកសាជាថ្មីឡើងវិញបានឡើយ។ ប៉ុន្តែនៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវជំនាញខ្មែរ បានជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណ ដែលគេបានរកឃើញនៅឆ្នាំ២០០៥ ហើយនៅឆ្នាំ២០០៨ ទឹកក៏ចាប់ផ្តើមហូរចូលក្នុងបារាយណ៍នេះ ឡើងវិញបាន។

លោកបានបញ្ជាក់ថា ចាប់តាំងពីអ្នកជំនាញយើង រកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ ហើយបានស្តារនិងជួសជុលរួចមក អាជ្ញាធរជាតិអប្សរា បានបង្ហូរទឹកចូលក្នុងបារាយណ៍ជារៀងរាល់ឆ្នាំ មានដូចជានៅឆ្នាំ២០០៨ មានចំនួន៧០០០០០ម៉ែត្រគូប នៅឆ្នាំ២០០៩ បានចំនួន៣០០០០០០ម៉ែត្រគូប នៅឆ្នាំ២០១០ បានចំនួន៣៦៧៨០០០ម៉ែត្រគូប និងនៅឆ្នាំ២០១១ មកដល់ឆ្នាំ២០១៦នេះ មានចំនួន៥០០០០០០ម៉ែត្រគូប។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ ដាំស្មៅតាមជើងទេរទំនប់បារាយណ៍ ដើម្បីការពារជើងទេរ និងទ្រង់ទ្រាយតួទំនប់កុំ ឲ្យបាក់ដីនិងទឹកភ្លៀងហូរច្រោះ ដែលជាហេតុបណ្តាលឲ្យខូចទំនប់បារាយណ៍និងសំណង់ទា្វរទឹក។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលទំនប់ ដែលជ្រាបទឹកនៅតាមជើងបារាយណ៍ ក៏ដូចចុះពិនិត្យមើលស្ថានភាពសំណង់ទ្វារទឹក បិទបើកទ្វារទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងចុះយាមល្បាតតាមជុំវិញបរិវេណបារាយណ៍ ជាប្រចាំដើម្បីការពារការហូរច្រោះ ការលួចកាប់ព្រៃឈើ ការលួចបរបាញ់សត្វព្រៃ និងធ្វើនេសាទខុសច្បាប់។

សកម្មភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងខ្នះខ្នែង របស់អាជ្ញាធរជាតិអប្សរា ក្នុងការលើកស្ទួយតម្លៃបរិស្ថាន ទេសភាពធម្មជាតិ សោភណភាពរបស់បារាយណ៍ និងការថែរក្សាការពារអភិរក្សសំណង់ បារាយណ៍កុំឲ្យមានការខូចខាត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញ នូវតម្លៃដ៏អស្ចារ្យរបស់សំណង់ធារាសាស្រ្តបុរាណ របស់បុព្វបុរស ដែលនៅតែមានតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើឲ្យកិច្ចការអភិរក្ស និងជំនឿដូនតាតាំងពីសម័យដើមរហូត មកដល់សម័យបច្ចុប្បន្ននេះ៕