(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ Fresh News ឱ្យដឹងថា នៅព្រឹកស្អែកនេះ អង្គភាពរបស់លោក នឹងប្រជុំសាកសួរព័ត៌មានពីដើមបណ្តឹងមួយ ដែលអះអាងថា កូនស្រីរបស់គាត់ជាម្ចាស់សំឡេងសន្ទនាមួយ ក្នុងចំណោមខ្សែអាត់សំឡេងសន្ទនាស្នេហាជាមួយ លោក កឹម សុខា ដែលបែកធ្លាយជាបន្តបន្ទាប់។

បើតាមលោក ឱម យ៉ិនទៀង, ស្រ្តីខាងលើ និងកូនរបស់នាងដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា បានដាក់ពាក្យប្តឹងមកកាន់ ACU តាមរយៈអង្គការមួយថា លោក កឹម សុខា បានសន្យាផ្តល់លុយឱ្យនាងចំនួន៤ពាន់ដុល្លារក្រោយពេលដែល លោក កឹម សុខា ត្រឡប់មកពីអាមេរិក ប៉ុន្តែរហូតដល់ពេលនេះ នាងមិនទាន់ទទួលបានលុយ ដែលលោក កឹម សុខា ផ្តល់ឱ្យតាមការសន្យានោះទេ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ស្អែក របៀបវារៈរបស់យើងមាន៤ពាក្យបណ្តឹង ក្នុងនោះក៏មានបណ្តឹង NGO ដែលប្អូននិយាយមិញ ហើយនិងបណ្តឹងស្រ្តីម្នាក់ទៀត ដែលគាត់សុំប្តឹងផ្ទាល់មាត់ ក្នុងទំនាក់ទំនងរវាងកូនស្រីរបស់គាត់ជាមួយ កឹម សុខា យ៉ាងម៉េចយើងក៏មិនទាន់បានដឹងដែរ ដោយគាត់គ្រាន់តែសុំប្តឹងផ្ទាល់មាត់»

លោកបានបន្ថែមថា «គាត់ (ស្រ្តីខាងលើ)បាននិយាយថា កូនស្រីគាត់ជាម្ចាស់ខ្សែអាត់សំឡេង ដែលលោក កឹម សុខា សន្យាថា មកពីអាមេរិកវិញជូន៤ពាន់ដុល្លារនោះឯង គាត់និយាយមកប៉ុណ្ណឹង»។ ទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង មិនទាន់អាចបញ្ជាក់បាន នៅឡើយទេ អំពីអត្តសញ្ញារបស់ស្រ្តីខាងលើ។

សូមបញ្ជាក់ថា កន្លងមក កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលជាម្ចាស់ខ្សែអាត់សំឡេងស្នេហាជាមួយ លោក កឹម សុខា ហើយអះអាងថា នាងធ្លាប់ទៅដើរ លេងជាមួយ លោក កឹម សុខា ប្រទេសថៃនោះ ក៏បានចេញមកប្តឹងលោក កឹម សុខា ទាមទារសំណង៣០ម៉ឺនដុល្លារផងដែរ ក្រោមហេតុផលថា ធ្វើឱ្យនាងបាត់បង់កិត្តិយស៕