(ស្វាយរៀង)៖ រថយន្តហុីយ៉ាន់ដាយ ប្រភេទភ្លៅ៥ ចំនួន៣គ្រឿង ដែលគេសង្ស័យថាដឹកឈើអាកាស្យា ពីលើបង្កប់ឈើប្រណីតពីក្រោម ហើយសំរុកបើកឆ្លងព្រំដែនចូលទៅដីវៀតណាម ខណៈសមត្ថកិច្ចចម្រុះកំពុងឃាត់ត្រួតពិនិត្យ កាលពីចុងខែឧសភាកន្លងទៅនោះ ឥឡូវពេលត្រូវវិលត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចវៀតណាម ឃាត់មិនអនុញាតឲ្យមកវិញនោះឡើយ។

មន្ត្រីសមត្ថកិច្ចបានបង្ហើបប្រាប់ Fresh News ឲ្យដឹងថាក្រោយរថយន្តដឹកដើមអាកាស្យា​​ សង្ស័យមានបង្កប់ឈើប្រណីត ពីក្រោមចំនួន៣គ្រឿង​ សម្រុកបើករត់ចូលទៅទឹកដីវៀតណាម​ តាមប៉ុស្តិ៍ច្រកបុស្សមន ស្ថិតក្នុងភូមិវាល ស្រុករំដួលខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ខណៈសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារង ផាន់ រតនា កំពុងធ្វើការឆែកឆេរត្រួតពិនិត្យនោះ ឥឡូវត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ទុកមិនអនុញ្ញាតឲ្យបើកចូលមកដីខ្មែរវិញឡើយ។

សូមបញ្ជាក់ថា ច្រកព្រំដែនតូចៗ​ដែលគ្រប់គ្រងដោយប៉ូលីស វរៈការពារព្រំដែនមួយចំនួន នៅក្នុងខេត្តស្វាយរៀង បានក្លាយទៅជាច្រកនាំឈើប្រណីត ចេញទៅប្រទេសវៀតណាមយ៉ាងស្ងៀមស្ងាត់ កម្រមានអ្នកណាចាប់អារម្មណ៍។ ជាក់ស្ដែងដូចករណីរថយន្តកូរ៉េប្រភេទភ្លៅ៥ ចំនួន៣គ្រឿងខាងលើ បើទោះបីជាសមត្ថកិច្ចចម្រុះឃាត់ជាប់នៅព្រំដែន​ ដើម្បីរើធ្វើការត្រួតពិនិត្យក៏ដោយ ក៏ក្រុមឈ្មួញមិនខ្លាចញញើតដែរ។ ក្នុងនោះគេដឹងថាមេប៉ុស្តិ៍​​ អាចមានជាប់ពាក់ព័ន្ធខ្លាំងជាងគេ ព្រោះហ៊ានបញ្ជាឲ្យរថយន្តបើករត់ចូលទៅដីវៀតណាម ទាំងព្រះរាជអាជ្ញា កំពុងធ្វើការឆែកឆេរទៀតផង។

តាមប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ឈើប្រណីតដែលឈ្មួញលួចដឹកទៅវៀតណាម បង្កប់ក្រោមឈើអាកាស្យានេះគេសង្ស័យថា ជាឈើរបស់ឧកញ៉ាម្នាក់ ដឹកចេញពីខេត្តរតនគិរី ឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ ព្រៃវែងទើបចូលទៅកាន់ខេត្តស្វាយរៀង ចេញទៅវៀតណាម តាមច្រករបៀង ដែលគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែន និងនៅលើដងផ្លូវជាតិលេខ១ មានក្រុមគយចល័តខ្វាត់ខ្វែងផងដែរ៕