(កោះកុង)៖ រថយន្តដឹកដែកយកទៅរៀបចំរោងតាំងពិព័រណ៍ក្នុងខេត្តកោះកុងមួយគ្រឿង បានក្រឡាប់ពេលចុះចំណោតអន្ទង់អាំង ស្ថិតនៅ គីឡូម៉ែត្រលេខ ៦១-៦២ ក្នុងភូមិសីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ បណ្តាលឲ្យមនុស្សនៅលើរថយន្ត ២នាក់ស្លាប់ និង ៧នាក់ទៀត រងរបួស-ស្រាល នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលចរាចរណ៍ ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលកំពុងបើកចុះចំណោត ស្រាប់តែរថយន្តដាក់លេខ មិនចូល ធ្វើឲ្យល្បឿនរថយន្តចុះកាន់តែលឿន ហើយទាញចង្កូតក្រឡាប់តែម្តង។ មន្រ្តីនគរបាលបន្តថា ក្នុងរថយន្តនេះ មានមនុស្សជិះពីលើ  ៩នាក់ ក្នុងនោះ ២នាក់បានស្លាប់ ៣នាក់ របួសធ្ងន់ និង ៤នាក់ទៀតរងរបួសស្រាល។

រថយន្តជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-2052។ ទោះជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ  អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ រីឯអ្នកទទួលមរណភាព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និង ទាក់ទងទៅក្រុម គ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕