(កំពង់ឆ្នាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលរួមចំណែករឹតចំណងមិត្តភាព រក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញារួមគ្នាបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួលរថយន្ត និងសម្ភារយោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារចិន ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបន្តប្រគល់ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់បម្រើដល់វិស័យការពារជាតិ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា «យើងនឹងគោរពអនុវត្តតាមដានអ្នកជំនាន់មុន កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ដែលមិនអាចបំបែកបាន ជំរុញទំនាក់ទំនងចិន-កម្ពុជា កាន់មានភាពរស់រវើក និងថាមពល»

ជាមួយគ្នានេះដែរ លោកបានបន្តថា កិច្ចសហប្រតិបត្តិយោធាចិន-កម្ពុជា ជាចំណុចសំខាន់ការកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា ក្នុងប៉ុន្មានឆ្នាំកន្លងទៅក្រោមការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំប្រទេសទាំងពីរ កងទ័ពទាំងពីរ បានជឿទុកចិត្តគ្នា លើយុទ្ធសាស្ត្រកម្រិតខ្ពស់ បានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើច្រើនវិស័យ។

លោកបានបញ្ជាក់បន្ថែមថា៖ «តួយ៉ាងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍រវាងសាលាយោធា ជំនួយយោធា លំហាត់សមយុទ្ធ និងសន្តិសុខពហុភាគីជាដើម ដែលរួមវិភាគទានសំខាន់ដល់ការគាំពារផលប្រយោជន៍រួមសន្តិសុខប្រទេសទាំងពីរ សន្តិភាព ស្ថិរភាព ក្នុងតំបន់»

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិន ក៏បានរំឮកថា គ្រាដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន សម្តេចបានកំណត់កូសង់ស៉ីស យ៉ាងទូលំទូលាយ និងស៉ីជម្រៅអំពីការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកងទ័ពប្រទេសទាំងពីរជាមួយ នាយឧត្តមសេនីយ៍ ហ្ស៉ី ឈីឡាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។

ត្រង់ចំណុចនេះលោក វ៉ាង វិនធាន បានគូសបញ្ជាក់ថា នេះសបញ្ជាក់ឱ្យឃើញថា ចំណងមិត្តភាពកងទ័ពទាំងពីរ ត្រូវបានលើកម្ពស់មួយកម្រិតទៀត កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ និងយោធាកាន់តែស៉ីជម្រៅ ទំនាក់ទំនងដៃគូឆ្លើយតបនឹងបញ្ហាប្រឈមកាន់តែជិតស្និតថែមទៀត។

ទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រគល់សម្ភារ បរិក្ខារ និងយោទ្ធោបរណ៍ជាច្រើនមុខ ដែលសុទ្ធតែជាការចាំបាច់របស់កងយោធពលខេមរភូមិន្ទ ជាពិសេសកងរាជអាវុធហត្ថ គិតទាំងទីលានបាញ់គ្រាប់ពិត ដែលឧបត្ថម្ភកសាងដោយប្រទេសចិន នេះសុទ្ធតែជាឧទាហរណ៍យ៉ាងរស់រវើកពីកិច្ចសហប្រតិបត្តិការស៉ីជម្រៅចិន-កម្ពុជា យើងខ្ញុំរីករាយដោយស្មោះក្នុងការជួយលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ជាបន្តបន្ទាប់ និងបង្កើនការកសាងទំនើបកម្មសព្វាវុធ ហេដ្ឋារចនាសម្ព័ន្ធយោធា ការពារសន្តិសុខជាតិ និងក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព យើងខ្ញុំរំពឹងទុកដោយស្មោះប្រកៀកស្មារជាមួយកងយោធពលខេមរភូមិន្ទ គាំពារផលប្រយោជន៍រួម ដើរតួនាទីកាន់តែសកម្ម និងសំខាន់ក្នុងកិច្ចសន្តិសុខតំបន់ និងអន្តរជាតិ»។

ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការផ្តល់ជំនួយជារថយន្ត និងសម្ភារយោធាមួយចំនួនពីក្រសួងការពារប្រទេសចិន ដល់ក្រសួងការពារជាតិ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការលឿនប៉ុងប៉ងបង្កចលាចរបស់ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូចក្នុងសង្គម សំដៅធានាការរស់នៅសុខសាន្តរបស់ប្រជាជន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «ជំនួយឧបត្ថម្ភសម្ភារ យោធានាពេលនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការហ្វឹកហ្វឺន ការជួយសង្រ្គោះគ្រោះមហន្តរាយ ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាល និងសង្គមកិច្ចទៀតផង។ ជំនួយឧបត្ថម្ភទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីមិត្តភាព សាមគ្គីភាព និងជាមិត្តដែកថែបដ៏ពិតប្រាកដ ដែលតែងតែជួយគាំទ្រដល់ប្រជាជន កងទ័ពកម្ពុជាគ្រប់គ្រាលំបាកបានទាន់ពេលវេលា និងគ្មានលក្ខខណ្ឌក្នុងស្មារតីទំនាក់ទំនងមិត្តភាពជា ប្រពៃណីដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅគ្រប់ជ្រុងជ្រោយកាន់តែរឹងពីមួយថ្ងៃទៅមួយថ្ងៃ»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ ឯកអគ្គរដ្ឋទូតចិនដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃប្រទេសទាំងពីរក្នុងការការពារ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែបឱ្យស្ថិតស្ថិរ គង់វង្ស និងរីកចម្រើនក្នុងស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយសុឆន្ទៈ ដ៏មានប្រសិទ្ធភាពបំផុតក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្ដភាពរឹងមាំយូរអង្វែង សំដៅរួមគ្នាធានាឱ្យបាននូវសន្តិភាព ស្ថិភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ស៊ីជម្រៅនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងស្ថានភាពតានតឹងនៃប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរ ដែលជាចំណោទបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលនាពេលបច្ចុប្បន្ន និងទៅមុខនោះ ខ្ញុំសូមបញ្ហាយ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួម រវាងចិន និងកម្ពុជា»

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ដែលបានផ្ដល់ជំនួយឥតសំណងជាច្រើន បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានភាពរីកចម្រើនឥតឈប់ឈរ ដូចជា៖ ជួយបំពាក់សម្ភារបរិក្ខារទំនើបទាន់សម័យ ជូនក្រសួងការពារជាតិថ្មីសម្រាប់បម្រើដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២, ការធ្វើទំនើបកម្មរហដ្ឋារចនាសម្ព័ន្ធ ផ្នែកទន់-រឹង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងប្រភេទទ័ពជំនាញ។ លើសពីនេះ កងទ័ពរំដោះប្រជាជនចិន បានជួយហ្វឹកហ្វឺន បណ្តុះបណ្តាលសិក្ខាកាមនៅក្នុង និងក្រៅប្រទេសឱ្យស្ទាត់ជំនាញផ្នែកបច្ចេកទេសយោធាក្នុងការប្រើប្រាស់យុទ្ធោបករណ៍ទំនើបថ្មីៗ ព្រមទាំងទទួលសិក្ខាកាម័យក្មេង នៃកងយោពលខមេរភូមិន្ទ ទៅហ្វឹកហ្វឺននៅប្រទេសចិន។

«ខ្ញុំជឿជាក់ថា បន្ទាប់ពីទទួលឧបករណ៍សម្ភារៈ ជាជំនួយឥតសំណងរបស់ជូនកម្ពុជានាពេលនេះ ក្រសួងកាពារជាតិកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, បង្កើនកិច្ចសហប្រត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត តាមរយៈពង្រឹងយន្តការទំនាក់ទំនង លំហាត់សមយុទ្ធរួមគ្នា បច្ចេកទេសសព្វាវុធ ការបណ្តុះបណ្ដាល និងវិស័យយុទ្ធសាស្ត្រសុខាភិបាល រួមណែកក្នុងការកសាងសហគមន៍រួម វាសនាកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មីនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕