(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃការប្រកួតដណ្ដើមជើងឯកបាល់ទះថា្នក់ជាតិ របស់ស្រាបៀរលីអូ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង៦ល្ងាច។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោត Division B នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នៅពហុកីឡា​ដា្ឋន​អូឡាំពិកថា «ការប្រកួត​កីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ Leo Cup National Volleyball 2016 វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី០៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ  ដូច្នេះរវាងក្រុមនីមួយៗត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះការប្រកួតយើងគឺសុគ្រិត​ច្បាស់​លាស់​ត្រឹមត្រូវ និងយុត្ដិធម៌ជាទីបំផុត»

លោក បន្ដថា «ដូច្នេះកីឡាករទាំងអស់ ត្រូវតែគោរពវិន័យឲ្យបានត្រឹមត្រូវ ពិសេសកីឡាករទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអភិវឌ្ឍ​វិស័យ​កីឡា​បាល់ទះសម្រាប់ត្រៀមលក្ខណៈប្រកួត SEA GAME ២០២៣ខាងមុខផងដែរ»។

លោក បន្ថែមថា ពិសេសនៅថ្ងៃនេះ ក៏មានការចាប់ឆ្នោតរកគូប្រកួត រវាងពូលA និងB នៃDivision B ផងដែរ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃស្អែកនេះទៅ ដោយពូល A មាន​ចំនួន​៥ ក្រុមគឺ កងពលតូចលេខ៣១ ការពារកោះឆ្នេរ ,វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ,យុវជនបាត់ដំបង ,យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងក្រុមខ្មែរសាមគ្គីខេត្ដកំពង់ចាម ចំពោះពូលB គឺ Aqua Family Resort ,កងពលតូចអន្ដរាគមន៍លេខ៧ ,មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន ,យុវជនភ្នំពេញថ្មី និងស្នងការនគរបាលខេត្ដកំពង់ចាម។

លោកបន្ដថា សម្រាប់ថ្ងៃស្អែក គឺមានការប្រកួតរវាងកងពលតូចលេខ៣១ ការពារកោះឆ្នេរជាមួយនិងយុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងគូទី២រវាងក្រុម វិទ្យាស្ថានជាតិអប់​រំ​កាយ និងកីឡា ជាមួយនិងយុវជនបាត់ដំបង ។

គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួតរបស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាននៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia-1420805824847904/ ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជាស្រាបៀរលីអូជាច្រើនកេះ និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវ​ការបំផុសគំនិត និងលើកទឹកចិត្តបន្ថែមដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ​ដើម្បីបន្តការ​បណ្តុះបណ្តាល និងចូលរួមការប្រកួតរបស់យើងនៅក្នុងឆ្នាំ ២០១៧ទៀត។

កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ស្រាបៀរ លីអូ ឆ្នាំ២០១៦ ដែលចាប់ផ្តើម វគ្គជម្រុះ ប្រកួតនៅថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា នៅខេត្តសៀមរាប ដែលបានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់ ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដំណ្តើមជើងឯករបស់ Division B ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ ទូរទស្សន៍ My TV ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៦:០០ល្ងាច៕