(ភ្នំពេញ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាភរិយា ព្រមទាំងមាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលតែប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បីទ្រទ្រង់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីអារាមនានាក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ មួយវិញទៀត ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការបង្ហាញនូវកតញ្ញូគុណចំពោះអ្នកមានឧបការគុណរួមមានឪពុកម្តាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាចារ្យជាដើម។ បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលកូនចៅជួបជុំធ្វើបុណ្យនៅតាមទីអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតា និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានរៀបចំធ្វើឡើងជាលំដាប់លំដោយតាមលំអានប្រពៃណីរបស់ខ្មែរ។ នៅរសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិកទាំងអស់ បានជួបជុំគ្នាសូត្រមន្ត។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូប និងផ្កាផ្ញីថ្វាយដល់ព្រះរតនត្រ័យ។ បន្ទាប់មកលោកតាអាចារ្យបានដឹកនាំនមស្សការសមាទានសីល និងនិមន្តព្រះសង្ឃសូត្រមន្តបន្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន។

ក្រៅតែពីសូត្រមន្តបង្សុកូលហើយនោះ ព្រះសង្ឃប្រមាណជា ៣៣អង្គដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ បានសូត្រពុទ្ធជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរកើតមានដល់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បុគ្គលិកប្រុសស្រី គ្រប់រូបដែលមានសទ្ធាជ្រះថ្លា ចូលរួមកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។

បន្ទាប់ពីការរៀបចំពិធីសូត្រមន្តរួចរាល់ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បាននិមន្តព្រះសង្ឃសម្តែងធម៌ទេសនាស្តីអំពីមង្គលសូត្រ «មង្គលទី៥» ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្តែងថា បុគ្គលដែលបានធ្វើបុណ្យហើយក្នុងកាលមុនជាមង្គលដ៏ឧត្តម។

លុះដល់ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំច ចត្វាស័ក ព.ស២៥៦៦ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេនទេយ្យទានមានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។ បន្ទាប់ពីនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានរួមគ្នាធ្វើពិធីរាប់បាត្រ។

ក្នុងពិធីកាន់បិណ្ឌទី១០នេះ ក្រៅតែបំពេញទានតាមលំអានប្រពៃណីព្រះពុទ្ធសាសនាហើយនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបំពេញទានជាមួយលោកតាលោកយាយ ក៏ដូចជាសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងវត្តផងដែរ។

ពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវបានបញ្ចប់ទៅដោយបរិយាកាសសប្បាយរីករាយពោរពេញដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌវេនទី១០នេះ ទទួលបានបច្ច័យសរុប ១៣០ លានរៀល ក្នុងនោះប្រគេនដល់ព្រះសង្ឃដើម្បីចាត់ចែងនៅក្នុងវត្តតាមសេចក្តីត្រូវការចំនួន ៣៨លានរៀល និងប្រគេនបច្ច័យ និងទេយ្យទានមួយចំនួនទៀតសម្រាប់ព្រះសង្ឃ ចំនួន ៤៤១អង្គ ព្រមទាំងចំណាយផ្សេងៗទៀតអស់ប្រមាណ ៩២លានរៀល៕