(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាលផ្ដោតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដោយក្នុងនោះមានសិក្ខាកាមជាថ្នាក់ដឹកនាំនៅតាមក្រសួង/ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាង៣០រូប មានឱកាសបានចូលរួមក្នុងវគ្គបណ្ដោះបណ្ដាលនេះ។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ប្រកាសបើកក្រោមវត្តមានលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា សាស្ត្រាចារ្យជាវាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិសរុប៣៥នាក់។

លោក យក់ ប៊ុនណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមប្រធានបទស្តីពីរដ្ឋាភិបាលឌីជីថល ដំណាក់កាលទីពីរ ដែលផ្តោតលើការរៀបចំដំណើរការសេវាកម្ម (Service Journey Mapping) និងដោយមានកិច្ចសហប្រតិបត្តិការជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ។

លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីបានឱ្យដឹងដែរថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

បើតាមលោក យក់ ប៊ុនណា គោលបំណងសំខាន់នៃវគ្គបណ្តាលនេះផ្តោតលើប្រធានបទដ៏សំខាន់មួយគឺការរៀបចំដំណើរការសេវាកម្ម (Service Journey Mapping) ដែលប្រធានបទនេះមានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។

នាយកសាលាភូមិន្ទរដ្ឋបាលបានបន្តទៀតថា ភាពជាអ្នកដឹកនាំឌីជីថលគឺមានសារសំខាន់ណាស់ក្នុងការកំណត់និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រច និងប្រកាន់វិធានការសមស្របសម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមប្រកបដោយវិបុលភាព និងចីរភាព។

គួរជម្រាបថា ក្នុងវគ្គបណ្ដុះបណ្ដាលនោះវាគ្មិននឹងចែករំលែកចំណេះដឹង និងបទពិសោធន៍៖ ១.ដំណើរការនវានុវត្តន៍ក្នុងសេវាសាធារណៈ ២.ការស្វែងយល់និងសម្រិតសម្រាំងព័ត៌មានលម្អិត ការរៀបចំផែនការដំណើរការ និងការកំណត់អំពីឱកាស ៣.ការអភិវឌ្ឍគំនិតនិងទស្សនទាន ៤.ការរៀបចំគម្រោងសាកល្បង និងបង្កើតជាការរៀបចំសង្ខេប និង៥.ការអនុវត្តគំនិត និងវាយតម្លៃលើផលប៉ះពាល់៕