(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) គ្រោងនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៧ ផ្តោតលើការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំខាងលើនេះ រួមជាមួយនឹងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិជារដ្ឋសមាជិកចំនួន៧ប្រទេស រួមមានលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhe Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរនិងសហប្រតិបត្តិការនៃរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកមកពីប្រទេសជប៉ុន សាធារណរដ្ឋបារាំង សាធារណរដ្ឋកូរ៉េ ប៊ែលហ្ស៉ិក ថៃ និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំបច្ចេកទេសនេះនឹងផ្តោតលើការពិភាក្សាអំពីការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ រួមមាន គម្រោងជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារដោយអ្នកជំនាញការឥណ្ឌា, គម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះវិហារដំណាក់កាលទី៣ ក្រោមការឧបត្ថម្ភហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក, គម្រោងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធព្រះបរមរាជវាំងតំបន់កោះកេរដោយប្រើប្រាស់បច្ចេកវិទ្យា GPR, គម្រោងជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានព្រះវិហារនិងកោះកេរ ក៏ដូចជាគម្រោងអភិវឌ្ឍសហគមន៍ និងធនធានធម្មជាតិផងដែរ។

នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអន្តរជាតិនិងជាតិនឹងធ្វើការបំពេញបេសកកម្ម២ថ្ងៃ នៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដើម្បីសិក្សាលម្អិតនិងរាយការណ៍ជូនអង្គប្រជុំ ICC-Preah Vihear នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ចំនួន២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕