(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ដ៍ បានសន្យាថានឹងដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ឲ្យបានធ្ងន់ធ្ងរបំផុត  ដើម្បីឆ្លើយតបទៅនឹង​ការ​ថ្កោល​ទោស​របស់ អង្គការសហប្រជាជាតិ ទៅលើភាពរឹងរូសរបស់ទីក្រុព្យុងយ៉ាង ដែលនៅតែបន្តធ្វើតេស្តអាវុធប្រល័យលោកម្តងជាពីរដង។នេះបើតាមការ​ចេញផ្សាយមុននេះ​បន្តិច ដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ ២០១៦។

លោក ហូឡង់ បានថ្លែងនៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ថា «យើងត្រូវតែធ្វើឲ្យប្រាកដច្បាស់ថា នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលបារាំងជាប្រទេសសមាជិក អចិន្ត្រៃយ៍មួយក្នុងចំណោម៥នោះ កូរ៉េខាងជើងនឹងត្រូវបង្ខំឲ្យទទួលទោសកំហុស ពីបទដែលបានបង្កឲ្យមានភាព​ចលាចល​ផ្នែកសុវត្ថិភាព និងសន្តិភាពរបស់តំបន់ទាំងមូល»

គួរបញ្ជាក់ថា មេដឹកនាំបារាំង បានហៅការធ្វើតេស្តនុយក្លេអ៊ែរ ឬក៏មីស៊ីលរបស់កូរ៉េខាងជើងនោះ ថាជាការគំរាមកំហែងយ៉ាងពិតប្រាកដ ដែលអន្តរជាតិមិនអាច​លើកលែង​ឲ្យបានឡើយ។ សម្រាប់ទណ្ឌកម្មកន្លងមកនេះ គឺនាវាដឹកទំនិញគ្រប់ប្រភេទ និងប្រទេសទាំងអស់ ដែលចេញឬចូល កូរ៉េខាងជើង ត្រូវតែទទួលការត្រួតពិនិត្យជាមុនសិន ដើម្បីការពារការលួចលាក់នាំចេញឬនាំចូលវត្ថុធាតុ ហាមសម្រាប់ផលិតអាវុធប្រល័យលោក៕