(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលខណ្ឌ ដោយផ្តោតលើការងារពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្ក្រាបល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ ទាំង៧សង្កាត់ និងប្រធានផ្សារទាំង២ តាមរបៀបវារៈដូចខាងក្រោម៖

*ទី១៖ ការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព
*ទី២៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និង ល្បែងសុីសង
*ទី៣៖ បញ្ហាផ្សេងៗ។

លោក សុខ សម្បត្តិ បានក្រើនរំលឹកដល់មន្ត្រី កម្លាំងទាំងអស់ថា ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព លោកសូមអំពាវនាវដល់មន្ត្រីទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ពីប្រជាពលរដ្ឋ នៅពេលមានហេតុការបទល្មើសកើតឡើង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានាជាប្រចាំ ក៏ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពីសំណាក់ជនអាក្រក់ នៅក្នុងមូលដ្ឋាន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ តែងបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការងារនេះក៏នៅតែសេសសល់ ដែលតម្រូវឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាប់ដូចភ្លៀងរលឹម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោបានព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕