(ភ្នំពេញ)៖ ស្រ្តីកម្ពុជាចំនួន៣៥០នាក់ បានបញ្ចប់ការសិក្សាពីគម្រោង «ពង្រឹងបណ្តាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម» ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយ USAID តាមរយៈគម្រោងនារីសកម្ម និងអនុវត្តដោយសហគ្រាសសង្គម ស៊ីអ៊ីនវេសមិន។

គម្រោងនេះ បានជួយទៅដល់សហគ្រិនស្រ្តីវ័យក្មេង ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពត និងបាត់ដំបង ដើម្បីមានលទ្ធភាព ក្នុងការអភិវឌ្ឍអាជីវកម្មខ្នាតតូចបំផុតរបស់ពួកគាត់។

លោកស្រី រ៉េបេកា ប្លេក នាយិកាបេសកកម្មស្តីទី របស់ទីភ្នាក់ងារជំនួយអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ពួកយើងមានមោទនភាព ដែលបានផ្តល់ការគាំទ្រ ដល់សហគ្រិនស្រ្តីវ័យក្មេងជាច្រើននាក់ តាមរយៈគម្រោង នារីសកម្មរបស់ពួកយើង និងស៊ីអ៊ីនវេសមិន»

លោកស្រីបន្ដទៀតថា «សហគ្រិនស្រ្តីដើរតួនាទីសំខាន់ ក្នុងការពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋ និងនយោបាយរបស់សង្គមប្រជាធិបតេយ្យ ដោយមិនត្រឹមតែតាមរយៈការបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងការធ្វើការរួមគ្នាជាមួយសមាគមន៍អាជីវកម្មនានា ក្នុងការបង្កើតឲ្យមានផលជះទៅការគោលនយោបាយផងដែរ»។

អ្នកចូលរួមប្រមាណ១៦០នាក់ ក្នុងនោះរួមមានសហគ្រិនស្រ្តី អ្នកតំណាងពីអង្គការដៃគូ អ្នកតំណាងក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានចូលរួមនៅក្នុងកម្មវិធី បញ្ចប់វគ្គសិក្សានេះ។

កម្មវិធី «ពង្រឹងបណ្តាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម» សម្រាប់សហគ្រិនស្រ្តីវ័យក្មេង គឺជាគម្រោងរយៈពេល៣ឆ្នាំដែលអនុវត្តដោយសហគ្រាសសង្គម ស៊ីអ៊ិនវេសមិន ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងនារីសកម្ម របស់អង្គការផេកកម្ពុជា។

ស៊ីអ៊ិនវេស មិនបានផ្តល់វគ្គបណ្តុះបណ្តាល អាជីវកម្មថ្នាក់មូលដ្ឋានចំនួន៦វគ្គ គ្រប់គ្រងហិរញ្ញវត្ថុថ្នាក់មូលដ្ឋានចំនួន ១០ និងផ្តល់ជំនួយក្រោមគម្រោង កញ្ចប់ថវិកាខ្នាតតូចទៅកាន់សហគ្រិនស្រ្តី ២ ក្រុម។ តាមរយៈការផ្តល់ជូនទាំងនោះក៏មានរួមបញ្ចូល វីដេអូស៊េរី និងកម្មវិធី បណ្តាញសហគ្រិនស្រ្តីដែល បង្កើនឲ្យមានឱកាសជាច្រើន បូករួមទាំងការណែនាំ និងហ្វឹកហាត់ផ្សេង ទៀតសម្រាប់សហគ្រិនស្រ្តី។

កញ្ញា Keisha Gani នាយិកាស្តីទី និងប្រធានផ្នែកប្រតិបត្តិប្រចាំ ស៊ីអ៊ិនវេសមិន បានថ្លែងថា «សហគ្រិនស្រ្តីវ័យក្មេង ដែលបានចូលរួមក្នុងគម្រោងនេះ បានបង្កើនទំនុកចិត្តរបស់ខ្លួន ក៏ដូចជាម្ចាស់ការលើអាជីវកម្មរបស់គាត់ទាំងមូល ដែលពេលនោះអាចជាគ្រាលំបាកបំផុត ដោយសារបញ្ហាកូវីដ១៩»

កញ្ញាបន្ដទៀតថា «វគ្គបណ្តុះបណ្តាល កម្មវិធីបង្កើតបណ្ដាញ និងឧបករណ៍ជំនួយនានា ដែលបានផ្តល់ជូនតាមរយៈគម្រោងនេះ មិនត្រឹមតែជួយពង្រឹងសហគមន៍សហគ្រិនស្រ្តី ដែលខំប្រឹងក្នុងការពង្រីកអាជីវកម្មតែម្យ៉ាងនោះទេ តែក៏ជាផ្នែកក្នុងការជំរុញឲ្យមានផលជះវិជ្ជមាន ទៅកាន់សង្គម សេដ្ឋកិច្ច និងបរិស្ថានផងដែរ»