(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីគម្រោងបន្តបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដល់មន្រ្តីជំនាញបច្ចេកទេស និងផ្នែកនានាជាច្រើនទៀតទាក់ទងកិច្ចការងារព័ត៌មាន និងសោតទស្សន៍ ព្រោះថានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មានព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រមុខថ្នាក់ដឹកនាំ ក្នុងតំបន់ និងពិភពលោក មកចូលរួមជាច្រើន។

ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី បានបន្តថា នៅក្នុងឆ្នាំ២០២៣ ក៏មានព្រឹត្តការណ៍នៃការប្រកួតកីឡាស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ ដូច្នេះក្រសួងព័ត៌មាន ត្រូវពង្រឹងសមត្ថភាព មន្រ្តី ដើម្បីបំពេញការងារឲ្យបានល្អ។

កិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលបានដំណើរការពេញ១ព្រឹកនេះដែរ បានធ្វើការពិនិត្យពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅ វិញទៅមក ដើម្បីធ្វើឲ្យការអនុវត្តរាល់ភារកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អបន្ថែមទៀត។ កិច្ចប្រជុំ ក៏បានធ្វើការពិនិត្យការងារដែលអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការ កិច្ចការងារព័ត៌មាន សម្រាប់ព្រឹត្តការណ៍អន្តរជាតិ សំខាន់ៗ ដែលកម្ពុជា ធ្វើជាម្ចាស់រៀបចំ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋាន ទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន រួមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ អនុគណៈកម្មការ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ សំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញនិងអនុវត្តន៍បានកាលពីពេលកន្លងនេះ ដោយបានធ្វើឲ្យរាល់កិច្ចការងារបានដំណើរដោយរលូន។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗក៏បានលើកពីផែនការសកម្មភាពការងារដែលត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតឲ្យបានកាន់តែល្អប្រសើរ។

កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នាលើផែនការសកម្មភាពការងារផ្សព្វផ្សាយដែលក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវក្នុងកិច្ចការថត និងផ្សាយពីព្រឹត្តការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ផងដែរ។

លោក ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ដល់គ្រប់ផ្នែកពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រៀមរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយទូរទស្សន៍ជប៉ុន NHK ។

លោក ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោលទ្ធផល ការងារដែលបណ្តា អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍កន្លងមកនេះ ពិសេសការខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានផ្សព្វផ្សាយទាំង ៣ គឺទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលផ្សព្វផ្សាយបាន យ៉ាងទូលំទូលាយនូវរាល់ព្រឹត្តការណ៏សំខាន់ៗ និងកម្មវិធីជាច្រើនទៀត បានទូលំទូលាយ ជាពិសេសកម្មវិធីកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕