(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយរបស់សមាគម ASAS ម៉ាឡេស៊ី តាមរយៈលោកហាជ្ជី យូណុះ ហាសឹម ប្រធានអ៉ីមាំខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ និងបេីកការដ្ឋានសាងសង់អគារបណ្ដុះបណ្ដាលកុមារ ស្ថិតទីស្នាក់ការគណៈអ៉ីមាំខេត្ត ភូមិព្រៃពស ឃុំច្រេស ស្រុកកំពង់ត្រឡោច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ, លោកស្រី កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈអ៉ីមាំខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ជាទីនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ លោកបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកចំហររាល់ការទទួលជំនួយពីប្រទេសនានាលើពិភពលោក ដើម្បីដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ បានធានាមកនូវសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ពលរដ្ឋកម្ពុជាផងដែរ។

លោកបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយប្រទេសមួយ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយលទ្ធផលល្អ និងមានការកោតសរសើរពីជុំវិញពិភពលោក។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ទី៤ ឬទី៥ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ លោក រ៉ូហ្វី អូស្មាន បានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន រាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបានផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។

ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូចច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅជារៀងរហូត។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ត្រីខ ២កំប៉ុង, ស្ករស ២គីឡូក្រាម, មី៥កញ្ចក់, ប្រេងឆា ១ដប។ បន្ថែមពីនោះ ពិធីក៏មានការចែកកង់ ចំនួន៣០គ្រឿង និងមានសម្លៀកបំពាក់មួយចំនួនទៀតផងដែរ៕