(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ខ្វះខាតជីវភាព ចំនួន៥២គ្រួសារ ស្ថិតក្នុងសហគមន៍ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកអភិបាល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពីនិន្នាការនយោបាយជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានេះ លោកអភិបាល ក៏សូមឲ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យសង្កាត់ទាំងអស់ ធ្វើបញ្ជីបច្ចុប្បន្នភាព ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយប្រការណាមួយ ត្រូវពិនិត្យ និងយកចិត្តទុដាក់ អោយបានច្បាស់លាស់ ដើម្បីឲ្យអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បន្តសកម្មភាពមនុស្សធម៌ ឲ្យដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

លោក ធឹម សំអាន បានបញ្ជាក់ថា អំណោយរួមមាន៖ អង្ករ ចំនួន២៥គីឡូក្រាម និងសម្ភារៈប្រើប្រាស់ ដូចជា៖ មុង ភួយ ខ្នើយ ចង្ក្រានហ្គាស ចានដែន កំសៀវ បំពង់ទឹកក្ដៅ ចាន ឆ្នាំង ស្លាបព្រា វែកសម្ល នឹងសម្ភារៈប្រើប្រាស់ជាច្រើនទៀត៕