(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់សប្បុសរជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៉ីវិល និងដៃគូពាក់ព័ន្ធនានា បន្ដចូលរួមជួយគាំទ្រសមាគមមូលនិធិមនុស្សចាស់។ ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងនាមប្រធានសមាគមមូលនិធិ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរ ថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយថ្លែងអំណរគុណដល់សប្បុរសជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រ និងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវនានា ដល់មនុស្សវ័យចាស់ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យ។

លោកបន្ដថា មនុស្សវ័យចំណាស់ គាត់ធ្លាប់បានធ្វេីពលិកម្មក្នុងបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សុភមង្គល ជូនជាតិ និងក្រុមគ្រួសារ ពិសេសបានអប់រំកូនចៅក្លាយជាពលរដ្ឋល្អ មិនឲ្យធ្លាក់ចូលទៅក្នុងអំពេីអបាយ មានល្បែងស៊ីសង បញ្ហាគ្រឿងញៀន ជាដេីម។

ក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអណោយឧបត្ថម្ភដល់អ្នកចូលរួម៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល, ក្រម៉ា, កំសៀវដាំទឹកអគ្គិសនី១, សារុង១, ទឹកដោះគោ, តែ, ស្ករស, មី, កៅអៀក, អំបិល, ប្រេងខ្យល់, ទឹកស៉ីអ៉ីវ, ទឹកត្រីប្រេងឆា, ត្រីខ, ទឹកសុទ្ធ និងពិលជួតក្បាល១ផងដែរ៕