(រតនគិរី)៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោកស្រី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី បានដឹកនាំមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសិលាគិរីរុក្ខារាម ( វត្តភ្នំបេង ) ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំង២ ក៏បាននាំយកទេយ្យវត្ថុបច្ច័យ បាយសម្ល នំចំណី ប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល និងរាប់បាត្រ ឧទ្ទិសផល្លាអានិសង្ឃជូនដល់ បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរលាយក្ខន្ធទៅកាន់បរមលោក និងសូមឱ្យដួងវិញ្ញាណក្ខន្ធ អស់លោកអ្នកមានគុណទាំងនោះ អញ្ជើញមកសេពសោយ និងទទួលយកនូវអត្ថមនុញ្ញផលដែលកូនចៅបានឧទ្ទិសបង្សុកូល តាមរយៈវេនទី៩នាពេលនេះ ឲ្យរួចផុតពីកម្មពារវារាទាំងឡាយទាំងពួង និងសូមបានយីតយោងយកកំណើតកើតនៅទីឋានដ៏ខ្ពង់ខ្ពស់។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១ រោចដល់ថ្ងៃ១៥ រោចខែភទ្របទ។

ការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌ របស់ដូនតាខ្មែ ឱ្យបានស្ថិតស្ថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតី ដល់យុវជន និងកូនចៅជំនាន់ក្រោយ ទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្ស ពិធីបុណ្យ ប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់៕