(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងសកម្មភាពដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ទៀ សីហា បានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មី ស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃការចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។ លោកថា ការណ៍ដែលឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះ គឺជាបំណងការពារសម្បត្តិបេតិកភណ្ឌ នៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោកអភិបាលខេត្ត បន្តទៀតថា ពេលនេះក្រុមការងារកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីឈូសឆាយសម្អាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសម្គាល់ ដោយក្នុងគម្រោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មានមណ្ឌលសុខភាព មានគម្រោងរៀបចំទីផ្សារ ទីវត្តអារាមសម្រាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលថែមទៀតផង។

«យើងអាចជឿជាក់បានថា អនាគត រុនតាឯក នឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ និងជាទីប្រជុំជនថ្មីមួយ ដែលពុំធ្លាប់មានពីមុនមក»។ នេះបើតាមលោក ទៀ សីហា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ជំនួសមុខឱ្យប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកទាំងអស់ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានដោះស្រាយផលប៉ះពាល់ ចំពោះអ្នកប្រើប្រាស់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមករស់នៅក្នុងតំបន់ថ្មី ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើមផងដែរ។

សូមជម្រាបថា គ្រឿងឧបភោគ បរិភោគ ដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋជាង ៥០០គ្រួសារ នាពេលនោះ គឺក្នុង ១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ និងថវិកា ១លាន ៤០ម៉ឺនរៀល៕