(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទថា «កម្ពុជាមានសុខសន្តិភាព ស្ថិរិភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ក្រោមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន»

ការលើកបែបនេះក្នុងឱកាសដែលលោក បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន របស់រដ្ឋបាលខេត្តក្រចេះ ដើម្បីមកចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តមណីរង្សីវេសវ័ណ ហៅវត្តកាប៉ូ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកបន្តទៀតថា រយៈពេលជាង៤០ឆ្នាំ ប្រជាពលរដ្ឋទាំងអស់គ្នាពិតជារស់នៅដោយក្តីសប្បាយរីករាយ សុខសុវត្ថិភាព និងទំនុកចិត្តលើកការរីកចម្រើន ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការរស់រាន មានជីវិតម្តងទៀត បន្ទាប់ពីរបបប្រល័យពូសាសន៍ ប៉ុល ពត គឺបញ្ហាកូវីដ-១៩ ក្រោយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងរបស់សម្តេច បានស្រោចស្រង់ជីវិតប្រជាជនទូទាំងតំបន់ក្នុងប្រទេសកម្ពុជា ឲ្យរស់ប្រកបដោយទូនុកចិត្តលើ សុខភាពរបស់ខ្លួន។

«ដូច្នេះជាការតបស្នងសងគុណ និងដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាល យើងទាំងអស់គ្នាត្រូវបន្តចូលរួមគាំទ្រនូវគោលនយោបាយដឹកនាំសម្តេច ដោយចូលរួមទទួលវ៉ាក់សាំងការពារជម្ថឺកូវីដ-១៩ឲ្យបានគ្រប់គ្នាទៅតាមដូសនីមួយៗ និងចូលរួមគោរពច្បាប់បទដ្ឋានគិតិយុត្តនានា និងគោលនយោបាយភូមិឃុំង្កាត់មានសុវត្ថិភាព ជាពិសេសបញ្ឍប់ការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត ដើម្បីសហគមន៍មូលដ្ឋាន ការអភិវឌ្ឍប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព»។ នេះបើតាមការបន្ថែមរបស់លោកអភិបាលខេត្ត។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះ លោកអភិបាលខេត្ត ព្រមទាំងមន្រ្ដីរាជការ និងក្រុមការងារទាំងអស់ ក៏បានរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ទទួលយកមគ្គផលអានិសង្ឃនេះ។ រដ្ឋបាលខេត្ត ក៏បានប្រគេននូវបច្ច័យចំនួន ៤ លានរៀល សម្រាប់ចូលរួមកសាងទីវត្តអារាមផងដែរ៕