(ភ្នំពេញ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានចុះត្រួតពិនិត្យមកដល់ទីតាំងក្នុងសណ្ឋាគារ ថាមពលថ្មី នៅក្នុងខេត្តព្រះសីហនុ ដោយស្វែងរកឃើញជនរងគ្រោះជាជនជាតិចំនួន៩នាក់ និងឃាត់ខ្លួនជនសង្ស័យ៧នាក់ ព្រមទាំងបន្តស្វែងរកជនជាតិចិនចំនួន ៣៧នាក់ (ស្រី៥) សង្ស័យស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា (លួចឆ្លងដែន)។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងតាម HotLine របស់ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង ថាៈ មានបុរសជនជាតិចិន០៩នាក់ សង្ស័យថាត្រូវបានបង្ខាំងទុកដោយខុសច្បាប់ នៅក្នុងសណ្ឋាគារ ថាមពលថ្មី នៅក្នុងខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញា ឆ្នាំ២០២២ វេលាម៉ោង ១១៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបានសហការជាមួយកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនក្រសួងមហាផ្ទៃ បានចុះមកដល់ទីតាំងអគារ ថាមពលថ្មី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីស្វែងរកបុរសជនជាតិចិន ០៩នាក់ សង្ស័យថា ត្រូវបានបង្ខាំងទុកដោយខុសច្បាប់៖

ទី១៖ ឈ្មោះ JIANG LINFENG
ទី២៖ ឈ្មោះ CHEN WEI
ទី៣៖ ឈ្មោះ SUN SHIHAO
ទី៤៖ ឈ្មោះ LIU ZEHAO
ទី៥៖ ឈ្មោះ LUO ZHENHUA
ទី៦៖ ឈ្មោះ DU HAILUN
ទី៧៖ ឈ្មោះ LIANG JIANQIANG
ទី៨៖ ឈ្មោះ CHEN HANJIE
និងទី៩៖ ឈ្មោះ CHEN RONGWEI

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា ដោយមានការសហការពីម្ចាស់ទីតាំងកម្លាំងសមត្ថកិច្ចបានស្វែងរកឃើញជនរងគ្រោះទាំង ០៩នាក់ ជាជនជាតិចិន ភេទប្រុស និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលនៅចាំយាមជនរងគ្រោះមិនឱ្យចេញពីបន្ទប់ស្នាក់នៅ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវស្វែងរកឃើញ ជនជាតិចិនចំនួន ៣៧នាក់ (ស្រី៥) សង្ស័យស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា (លួចឆ្លងដែន)។

ករណីនេះកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ និងជនសង្ស័យមកធ្វើការសាកសួរតាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងបាននាំយកជនជាតិចិនចំនួន ៣៧នាក់ (ស្រី៥) ស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា (លួចឆ្លងដែន) ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីជំនាញ៕