(សៀមរាប)៖ ឧទ្យាន Angkor Wildlife and Aquarium លំដាប់ពិភពលោក គ្រោងនឹងបើកនៅចុងខែតុលា ឆ្នាំ២០២២ នាពេលខាងមុខ ដែលចំណាយថវិកាសាងសង់៧០លានដុល្លារអាមេរិក។ គម្រោងនេះ នៅពេលបើកដំណើរការ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមួយបន្ថែមទៀតបន្ទាប់ពី ប្រាសាទអង្គរវត្ត។

នេះបើយោងតាមការបង្ហោះរូបភាពរបស់ លោកស្រី ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្ត ហើយក៏មានវត្តមាន លោកចូលរួមព្រមជាមួយក្រុមគ្រួសារ ដែលបានទៅទស្សនាឧទ្យានមួយនេះផងដែរ បានបង្ហាញពីអារម្មណ៍រីករាយ។

តាមសំណេរលោកស្រីបានបញ្ជាក់ថា ចំណុចពិសេសនៅក្នុងទីតាំងនេះមាន៖ ត្រីទឹកសាប ដែលរស់នៅក្នុងទន្លេមេគង្គ មានរូបរាងប្លែកធំ គឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញព្រមទាំងមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់។

លោកស្រីបានបន្ដថា គួរយកកូនៗមកលេងម្តងហើយ ឲ្យពួកគាត់បានស្គាល់ថា នេះជាត្រីកម្ររបស់ខ្មែរ ហើយកន្លែងនេះ ក៏បាននាំមកនូវការអប់រំសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។

ទន្ទឹមនឹងនោះ លោកស្រី បានបន្ថែមថា មិននឹកស្មានថាប្រទេសខ្មែរឥឡូវជឿនលឿនមិនចាញ់ស្រុកគេនោះទេ អ្វីៗ ក៏មានហើយទំនើបទៀត សំខាន់នោះ គឺមានសន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែងជាមួយនឹងល្បឿននៃការអភិវឌ្ឍន លឿនហួសពីការរំពឹងទុកទៅទៀត។

សូមបញ្ជាក់ថា ឧទ្យាន Angkor Wildlife and Aquarium ដែលស្ថិតនៅភូមិក្បួន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដែលបានសាងសង់លើផ្ទៃដីជាង១០០ហិកតា ជាមួយនឹងទុនវិនិយោគសរុប៧០ លានដុល្លារអាមេរិកផងដែរ៕