(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការអនុវត្ដការងារសវនកម្មផ្ទៃក្នុង» ជូនសិក្ខាកាមគោលដៅសរុប៧៦នាក់ ជាសវនករ នៃក្រសួងស្ថាប័ន សម្រាប់ចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាល៣ បូក២ និងការត្រៀមខ្លួន ឆ្ពោះទៅអនុវត្តដំណាក់កាលទី៤។

ពិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោក លោកស្រី អនុរដ្ឋលេ -ខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង គ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម ក្រោមការសម្របសម្រួលរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គណនេយ្យភាពសមិទ្ធកម្ម គឺជាគោលដៅចុងក្រោយ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ តាមរយៈនេះ ព័ត៌មានសមិទ្ធកម្ម មានតួនាទីសំខាន់ សម្រាប់ការសម្រេចចិត្តក្នុងការវិភាជថវិកា ឬធនធាន គួបផ្សំនឹងព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច នយោបាយ និងរដ្ឋបាល ដើម្បីអនុវត្តគម្រោងកម្មវិធី និងគោលនយោបាយ។

ថវិកាព័ត៌មានសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំ ដោយមានការផ្សារភ្ជាប់នឹងសមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន ដែលបានស្នើឡើង ឬបានសម្រេចក្នុងឆ្នំាកន្លងមក។ ប្រព័ន្ធថវិកានេះ ផ្តល់ភាពបត់បែន ក្នុងការបង្កើតរចនាសម្ព័ន្ធកម្មវិធី ដោយពឹងផ្អែក ឬ មិនពឹងផ្អែកទាំងស្រុងលើរចនាសម្ព័ន្ធរដ្ឋបាល និងតម្រូវឲ្យមានការវាស់វែងប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់ រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ។

នៅឆ្នាំ២០២៣ ខាងមុខ ក្រសួងស្ថានចំនួន៧ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យា-សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, និង ក្រសួងយុត្តិធម៌ ត្រូវបានកំណត់ឲ្យអនុវត្តសាកល្បង នូវកិច្ចព្រមព្រៀងសមិទ្ធកម្ម ដែលឆ្លុះបញ្ចាំងពីការចាប់ផ្ដើម អនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងក្របខណ្ឌកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាត់ទុកការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គឺជាការងារចាំបាច់ ដើម្បីធានាជោគជ័យ ក្នុងការគ្រប់គ្រងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និង ចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាព និង បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជន។

លោកបន្ដថា ការបណ្តុះបណ្តាលលើ «នីតិវិធីនៃការអនុវត្ដការងារសវនកម្មផ្ទៃក្នុង» គឺជាកម្មវិធីគន្លឹះមួយនៃការងារកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដើម្បីរួមចំណែកពង្រឹងពង្រីកការយល់ដឹង និង លើកកម្ពស់សមត្ថភាពជំនាញ ព្រមទាំងផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តនៃការងារបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងទៀតថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យប្រើសៀវភៅ ណែនាំស្តីពីសវនកម្មផ្ទៃក្នុង ដែលបង្ហាញពីលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ជំនាញសវនកម្មផ្ទៃក្នុង អមដោយនីតិវិធី និង ឧបករណ៍ជំនួយចាំបាច់ស្របតាមបដ្ឋានអន្តរជាតិ។ ទន្ទឹមនេះ គោលនយោបាយគ្រប់គ្រងផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន ក៏ត្រូវបានរៀបចំឡើង ឆ្លើយតបទៅនឹងតម្រូវការ គ្រប់គ្រងផ្ទៃក្នុង តាមរយៈបច្ចេកវិទ្យាព័ត៌មានដោយប្រើប្រព័ន្ធ FMIS ដែលអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រតិបត្តិករ និង សវនករ អាចកសាង ព្រមទាំងកែលម្អប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបានគ្រប់គ្រាន់ និងរឹងមាំ៕