(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃសៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងកែសម្រួលខ្លឹមសារមួយចំនួននៃផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយបានឯកភាពជាគោលការណ៍លើប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ថាយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលមានបំណងចូលរួមការបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមទម្រង់បែបបទដែលកំណត់ដោយ គ.ជ.ប។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕