(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមទាំងពុទ្ធបរិស័ទទាំងអស់ សូមបន្តចូលរួមការពារ និងរក្សាសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសមិនត្រូវជឿតាមការឃោសនាញុះញង់របស់ក្រុមប្រឆាំងជាដាច់ខាត។

ការអំពាវនាវបែបនេះរបស់ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ ក្នុងឱកាសកាន់បិណ្ឌនៅវត្តចំនួន៣ ក្នុងឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពធូរធា និងក្នុងក្ដីសប្បាយរីករាយមានការរីកចម្រើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិពីរបបវាលពិឃាត ប៉ុល ពត។ បច្ចុប្បន្ននេះ ប្រទេសជាតិយើង ទទួលបាននូវបូរណភាព ឯកភាពជាតិទឹកដី និងប្រជាជនទទួលបាននៅសិទ្ធិសេរីភាព គ្រប់គ្រាន់ អាចប្រតិបត្តិសាសនាផ្សេងៗ ដោយបានផ្ដល់សិទ្ធិក្នុងក្របខណ្ឌច្បាប់ជូនអង្គការសមាគមជាតិ អន្តរជាតិសហគមន៍មូលដ្ឋានសម្រាប់រួមចំណែកក្នុងកិច្ចចូលរួមអភិវឌ្ឍប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញបរិបូណ៌។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងមូលដ្ឋានពិសេសក្នុងខេត្តកំពតទាំងមូល ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រក្សាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ធានាបាននូវ សុខសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយជីវភាពសុខដុមរមនាយ៉ាងពិតប្រាកដ ក្នុងមូលដ្ឋានខេត្តកំពត។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានឣភិវឌ្ឍប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងទទួលបាននូវសុខសន្តិភាពយ៉ាងពេញ លេញទូទាំងប្រទេស ដោយសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ច ក្នុងពេលជួបប្រទះបញ្ហាផ្សេងៗដោយមិនព្រងើយកន្តើយឡើយ។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា «ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្ដីសប្បាយរីករាយ និងលូតលាស់រីកចម្រើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះឈ្នះក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បច្ចុប្បន្ននេះ ប្រទេសជាតិយើង ទទួលបាននូវបូរណភាព ឯកភាពជាតិទឹកដី និងប្រជាជនទទួលបាននៅសិទ្ធិសេរីភាព គ្រប់គ្រាន់ ដោយបានផ្ដល់សិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ជូនអង្គការសមាគមជាតិ អន្តរជាតិ សហគមន៍មូលដ្ឋាន»

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក៏បានក្រើនរំលឹក និងអំពាវនាវឱ្យពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»៕