(ឡាវ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏កងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ នៅតែបន្តសហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យដល់កម្រិតជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូចនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារជាតិឡាវ ទីក្រុងវៀងចន្ទ័ នាឱកាសដែលសម្តេចក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ៣ ប្រទេសកម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ។

សម្តេចពិជ័យសេនា ក៏បានបង្ហាញជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ១៩ មានការធូរស្រាល ពិសេសក្រោយកិច្ចប្រជុំនាពេលនេះ ប្រទេសទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អ រវាងកម្ពុជា-ឡាវ ដែលជាគ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិ ដោយបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាឱ្យមានភាពប្រសើរឡើងថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ពិសេសរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលជានិច្ច កាលតែងតែគាំទ្រ និងសហការល្អជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានលើកកម្ពស់ចំណងសាមគ្គីភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការ កងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ។

ក្នុងជំនួបនោះដែរនាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹកនាំគណៈប្រតិភូ ក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លា រវាងរដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរ កម្ពុជា ឡាវ ជាបងប្អូន។

នាយឧត្តមសេនីយ៍ ក៏បានចាត់ទុកទស្សនកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ក្នុងការរួមចំណែកដ៏ធំធេងក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខនៃកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែងការគាំទ្រចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗ ជាច្រើន ដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ ក្នុងនាមរដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ លោកក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសឡាវ។

សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានធ្វើជាគណៈអធិបតី ក្នុងពិធិចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ឡាវ ផងដែរ៕