(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ បើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពលក្នុងតំបន់អាស៊ាន។ ក្នុងគំនិតផ្តួចផ្តើមទាំងនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសសមាជិកអាស៊ាន ជំរុញតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ដើម្បីតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់។

កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពល អាស៊ានឆ្នាំ២០២២ ធ្វើឡើងក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ច ឡើងវិញ និង កំណើនប្រកបដោយចីរភាព»។ កិច្ចប្រជុំនេះធ្វើឡើងបែបកូនកាត់ ដោយមានទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ។

ថ្លែងទៅកាន់ពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា តំបន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់ក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន។ ថ្វីដ្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានា នៅជុំវិញពិភពលោក បានបើកដំណើរការសង្គមសេដ្ឋកិច្ចពេញលេញជាបណ្តើរៗក៏ដោយ ក៏ការងើបឡើងវិញ នៃសង្គមសេដ្ឋកិច្ចហាក់នៅមានភាពផុយស្រួលនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាព នៃថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យ មានអតិផរណាខ្ពស់ ស្របពេលដែល ការរឹតបណ្តឹងគោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារ កណ្តាលនៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភ នៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។

នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សម្តេតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាល ថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាយោបល់ និងគំនិតផ្តួចផ្តើមចំនួន៤រួមមាន៖

១៖ ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដា ប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ទាំងការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុម-នីយកម្ម ក្របខណ្ឌបញ្ញត្តិកម្ម និងស្ដង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់

២៖ ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូល រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាព កាបូន

៣៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពលអគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន

៤៖ ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ ២០២១-២០២៥ ដូចដែលបានកំណត់។

ក្រៅតែពីផ្តល់នូវទស្សនទានសម្រាប់ដោះស្រាយបញ្ហាថាមពលនៅក្នុងតំបន់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញនូវកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជាលើការងារថាមពលនេះផងដែរ។ សម្តេចតេជោ បានលើកបង្ហាញថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។ ជាក់ស្ដែងក្នុងឆ្នាំ២០២១ កន្លងមកនេះថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើង វិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះ អាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាង ទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាព ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពដំឡើងសរុប។

សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការ អភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាព ទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយ ការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេងជាដើម។ ដើម្បី សម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាម ពល ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

សម្តេចតេជោបានបន្ថែមថា ក្រោមកិច្ចសហការយ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្ម វិធីអភិវឌ្ឍន៍អន្តរកាលថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធី នៃការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន៖ (១). ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន, (២). ការបង្កើនល្បឿន អន្តរកាលសេដ្ឋកិច្ចវិលជុំនិងការបញ្ចេញឧស្ម័នកាបូនទាប និង (៣). តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគក្នុងគម្រោងថាមពលថ្មីនៅក្នុងក្របខណ្ឌ អាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងបន្តចូលរួមចំណែកបង្កើត គំនិតផ្ដួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕