(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

នៅក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាក់ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាហើយនោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ក៏មានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពិន។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្រៅតែពីកម្មវិធីដ៏ធំខាងលើនេះហើយ ក៏នៅមានការរៀបចំពិធីបុណ្យឯករាជ្យជាតិទៀត ដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិបាកក្នុងការត្រៀមលក្ខណៈក្នុងការរក្សាសន្តិសុខ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ដូច្នេះ «ការលើកឡើងរបស់មនុស្សមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយគ្មានលទ្ធភាពបម្រើឱ្យពិធីបុណ្យអុំទូក ក៏សូមវិភាគទៅតាមការគួរ។ ក៏ប៉ុន្តែខ្ញុំព្រះករុណា ខ្ញុំគ្រាន់តែបញ្ជាក់ថា ក្នុងឋានៈជាម្ចាស់ទទួលខុសត្រូវ យើងកំពុងទទួលនូវសំណូមពរនៃទស្សនកិច្ចផ្សេងៗទៀត។ ក៏ប៉ុន្តែយើងគ្រាន់តែអាចទទួលបាននាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពិនសម្រាប់ថ្ងៃទី០៧, ០៨, ០៩។ ចាប់ពីថ្ងៃទី១០ គឺយើងចាប់ផ្តើមប្រជុំអាស៊ានតែម្តង។ ដូច្នេះនេះហើយជាមូលហេតុធំនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅឆ្នាំនេះ»

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់។

ក្នុងសារសំឡេងដដែលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនជនរួមជាតិដែរថា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាហើយនោះ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងត្រូវអញ្ជើញទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំG20។ បន្ទាប់មកអញ្ជើញទៅក្រុងបាងកក ប្រទេសថៃ ចូលរួមកិច្ចប្រជុំ APEC។

សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖
https://t.me/freshnewsasia/105496