(ក្រចេះ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាថ្មីខេត្តក្រចេះ ដោយលោក អ៊ូ សុបុណ្ណា ឡើងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាថ្មីខេត្តក្រចេះ ជំនួសលោក លន់ សុផាត ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី។

ថ្លែងនាឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំ និងស្នើដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំដល់ប្រធានសមាគមថ្មី ត្រូវឧស្សាហ៍ចុះសួរសុខសមាជិកអតីតយុទ្ធជន ផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃ បើទោះបីជាអំណោយ ដែលផ្តល់ទៅតិចតួចក្តី តែនេះបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ពីអាណាព្យាបាល ដើម្បីបង្កើនភាពស្និតស្នាលរវាងអ្នកចាស់ និងអ្នកថ្មី និងរវាងក្មេង និងមនុស្សចាស់ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោក វ៉ា ថន បានបញ្ជាក់ដែរថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានចុះអនុវត្តផ្ទាល់ក្នុងការដោះស្រាយដូចជា ការស្រាវជ្រាវរកមុខសញ្ញាអតីតយុទ្ធជន ការផ្តល់ដីលំនៅឋាន ផ្ទះ និងដីកសិកម្ម ការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អតីតយុទ្ធជន ការតបណ្តាញអគ្គិសនី ការសាងសង់អណ្តូងទឹក និងការឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងការផ្តល់នូវគោលនយោបាយផ្សេងៗទៀត សំដៅដោះស្រាយរាល់ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់អតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម និងលោក វ៉ា ថន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនសម្រាប់បុណ្យ ភ្ជុំបិណ្ឌ ដល់អតីតយុទ្ធជនកម្ពុជានៅខេត្តក្រចេះជាច្រើនរូបផងដែរ៕