(សៀមរាប)៖ នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិធិជាតិជំនួយសង្គម, មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប និងរដ្ឋបាលស្រុក បានចុះពិនិត្យស្ថាន ភាពនៃគ្រួសារក្រីក្រ និងគ្រួសារដែលដែលបានរស់នៅថ្មី នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សកម្មភាពនេះ បានធ្វើឡើងដោយអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចាត់តាំងពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម។

ក្រោយពីបានពិនិត្យមើលនូវផែនការនៃការរៀបចំយន្តការបើក ផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជំនួយសង្គមរបស់រាជរដ្ឋាភិបាលរួចមក ក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារនីមួយៗតាមខ្នងផ្ទះ។

នៅក្នុងឱកាសនោះ ប្រជាជនរស់នៅតំបន់រុនតាឯក បានសម្តែងការអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនមកទៅតាំងទីលំនៅថ្មីនៅតំបន់នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានណែនាំដល់ក្រសួង អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឲ្យរៀបចំកសាងតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី ដែលពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី ឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយ នៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ សម្តេចបានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីកន្លែងមិនស្របច្បាប់នៅរមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ត្រូវទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល១០ឆ្នាំ។ សម្តេចបានបញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ឱ្យដាក់បញ្ចូលគ្រួសារដែលចាប់ឆ្នោតទៅតាំងទីលំនៅថ្មីនេះ ឱ្យទទួលបានបណ្ណក្រីក្រ និងបណ្ណទទួលថវិកាសម្រាប់ពលរដ្ឋរងគ្រោះដោយកូវីដ១៩ថែមទៀត៕