(កំពង់ឆ្នាំង)៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តសហការជាមួយជាមួយគណៈបញ្ជា ការឯកភាពគ្រប់ស្រុកជាប់បឹងទន្លេសាបដើម្បីចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទ ដែលបាននិងកំពុងតែកើតមានសារជាថ្មីម្ដងទៀតនៅតាមបណ្ដា ស្រុកមួយចំនួន។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា បទល្មើសនេសាទនៅតាមបណ្ដាស្រុកមួយចំនួន បានបន្តកើតឡើងយ៉ាងច្រើន នៅក្នុងស្រុកមួយចំនួនដែលជាប់បឹងទន្លេសាប តែសមត្ថកិច្ចរបស់យើងក៏មិនបន្ធូរដៃក្នុងការចុះបង្ក្រាបនៅរាល់សកម្មភាពនេសាទល្មើសច្បាប់ពីជនខិលខូចនោះដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកបរិបូណ៌ និងកម្លាំងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចអន្លង់អណ្ដើក, កំពង់រាំង និងចំណុចឃុំតាជេស ក្នុងស្រុកកំពង់ត្រឡាចស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សរុបវត្ថុតាងដែលបានបំផ្លាញចោលទាំង៣ស្រុក ក្នុងនោះមាន រុះរើរបាំង២៨កន្លែងស្មើនឹង២៣៥០ ម៉ែត្រ របាំងស្បៃមុង១៣កន្លែងស្មើនឹង៥១០ម៉ែត្រ លូស្បៃមុង១៣មាត់ បង្គោលរបាំង៧៦០០ដើម និងបានចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៨២គីឡូក្រាមផងដែរ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ទង្វើល្មើសច្បាប់របស់ជនខិ លខូចមួយចំនួនដែលមិនបានគោរពតាមការណែនាំរបស់អាជ្ញាធរ ខាងលើនេះវាបានធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិ នៅក្នុងរដូវបិទនេសាទនេះដែលជារដូវត្រីពងកូន កត្តាមួយទៀតគឺបានបំផ្លាញទ្រព្យសម្បត្តិប្រាក់កាសខ្លួនឯងដោយសារតែការចំណាយធនធាននិងថវិកាដើម្បីទិញឧបករណ៍ដូចជា សាច់អួន សាច់ស្បៃមុង រាប់រយរាប់ពាន់ម៉ែត្រយក មកប្រើប្រាស់ ជាឧបករណ៍ធ្វើសកម្មភាពនេសាទត្រីខុសច្បាប់ហើយក៏ត្រូវបានសមត្ថកិច្ចរុះរើយកមកដុតបំផ្លាញចោលដោយមិនបានប្រគល់ឱ្យម្ចាស់វិញនោះឡើយ៕