(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត អាជ្ញាធរស្រុក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា លោមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តដំរិល រួមមាន ទឹកដោះ១កេស ត្រីខ៤យួរ មី៦កេស ទឹកក្រូច៤កេស ស្ករស១៥គីឡូក្រាម អង្ករ ៦បេ ទឹកសុទ្ធ៣០កេស ផ្កាឈូក៤ឈុត សាដកចំនួន១៧កញ្ចប់ និងបច្ច័យកសាងចំនួន៦,៥០០,០០០រៀល៕