(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្តេជ្ញាជំរុញការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការងារកសិកម្ម ការងារបង្កបង្កើនផល និងជំរុញការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសតិអារម្មណ៍ប្រជាពលរដ្ឋ។

ប្ដេជ្ញាបែបនេះរបស់លោកបណ្ឌិត សោម ពិសិដ្ឋ ក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនខេត្តកែប ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកែប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។

នាឱកាសនោះលោក សោម ពិសិដ្ឋ បានលើកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលនៅជាធរមានបានធ្វើឱ្យខេត្តកែប មានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងស្មារតី ឥរិយាបថ ផ្នត់គំនិត ចំណេះដឹង បន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងការអភិវឌ្ឍខេត្តកែប ជាតារារះនាទិសនិរតី។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់ក្រុមការងារអនុវត្តបន្ត ប្រកបដោយស្មារតី ទទួលខុសត្រូវ និងឆន្ទៈខ្ពស់ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងបន្តពង្រឹង ការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញការផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន បានណែនាំដល់សមាជិក សមាជិកាក្រុមការងារទាំងអស់ត្រូវខិតខំពង្រឹង និងជំរុញឱ្យមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដោយបន្តរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើលនានា ក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕