(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត» ដែលប្រព្រឹត្ដទៅស្នាក់ការកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាការងារអាទិភាពមួយដ៏សំខាន់ ក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត របស់សមាគមជាតិនីមួយៗ ក៏ដូចជារបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅលើពិភពលោក ដែលបានផ្ដួចផ្ដើមគំនិតដោយ លោក ហង់រី ឌុយណង់ ស្ថានិករបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម។

លោកស្រីគូសបញ្ជាក់ថា «វិជ្ជាសង្គ្រោះបឋម ជាចំណេះដឹង សម្រាប់ជួយសង្គ្រោះអ្នកជំងឺ ឬជនរងគ្រោះដំបូងគេបង្អស់មុនគ្រូពេទ្យជំនាញមកដល់ ឬក៏មុនបញ្ជូនទៅកាន់មន្ទីរពេទ្យ (រថយន្តសង្គ្រោះបន្ទាន់មកដល់)។ ការសង្គ្រោះបឋមនេះ ទប់ស្កាត់ការរងគ្រោះពីភាពធ្ងន់ធ្ងរ មកស្រាល ឬពីស្លាប់ ឱ្យរស់ឡើងវិញបាន បើយើងសង្គ្រោះបានត្រឹមត្រូវ»

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានបន្ដថា មកទល់នឹងបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបណ្ដោះបណ្ដាលវិជ្ជាសង្គ្រោះបឋមនេះ ជូនបណ្ដាញយុវជន អ្នកស្ម័គ្រចិត្ដ និងបណ្ដុះបណ្ដាលដល់គ្រប់ស្ថាប័នជាតិទាំងអស់ សុទ្ធតែមានក្រុមវិជ្ជាសង្គ្រោះបឋម ក្នុងនោះ គោលដៅគឺត្រូវពង្រីកចំណេះដឹងនេះទៅប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីចេះជួយជីវិតអ្នកដទៃ និងខ្លួនឯងបាន។

មកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចការងារសង្គ្រោះបឋមនេះ ដោយពង្រីកអ្នកផ្ដល់សេវាសង្គ្រោះបឋមនេះ ឱ្យចេះកាន់តែច្រើនឡើងៗ ក្នុងយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារ មានអ្នកចេះនូវវិជ្ជាសង្គ្រោះបឋមម្នាក់។

លោកស្រីអគ្គលេខាធិការបានសង្គត់ធ្ងន់ថា វិជ្ជាសង្គ្រោះបឋម មិនមែនជាការសង្គ្រោះបន្ទាន់នោះទេ ហើយការសង្គ្រោះបឋមនេះ អ្នកណាក៏អាចចេះ និងរៀនសូត្របានដែរ មិនមែនទាល់តែជាគ្រូពេទ្យ ឬគិលានុដ្ឋាកនោះទេ ប្រជាពលរដ្ឋទូទៅ គឺអាចរៀនសូត្របាន ដើម្បីសង្គ្រោះអ្នកជុំវិញខ្លួន បើជួបនឹងករណីលង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ខ្យល់គរ ឬស្លាក់អ្វីមួយ៕