(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩៤ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅ ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ មកពិភាក្សារូបមានដូចជា៖

១៖ បច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាគ្រោះយោបល់ធុរកិច្ចអាស៊ាន
២៖ ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩៣
៣៖ ការពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩៣
៤៖ ការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំលើកទី៩៤
៥៖ បច្ចុប្បន្នភាពនៃគម្រោងនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
* ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន
* ការរៀបចំកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន
* កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយនិង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

៦៖ កិច្ចសហប្រតិបត្តិការលើគម្រោងថ្មី
* ភាពជាដៃគូផ្នែកកម្មសិទ្ធិបញ្ញា
* ភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ២០២៣
* កិច្ចសន្ទនាលើកទី៨ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន

៧៖ ការត្រៀមលក្ខណៈកិច្ចប្រជុំរវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលនឹងលើកយករបាយការណ៍ជាអនុសាសន៍ចំនួន៧ចំនុច ដាក់ជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិចារណា និងសម្រេច។
៨៖ បញ្ហាផ្សេងៗ

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចទាំង ១០ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩៤ ដោយផ្ទាល់នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈនីមួយៗខាងលើ និងមានការចូលរួមជជែកផ្តល់យោបល់យ៉ាងផុសផុល ពីសមាជិកអង្គប្រជុំ។

កិច្ចប្រជុំលើកទី៩៤ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន ឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាព ជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច៕