(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ គឺជាការរំញោចឲ្យមានធុរកិច្ចស្ថាប័នបែបថ្មី ដែលមានភាពជាឌីជីថល ដើម្បីឲ្យវិស័យអប់រំបន្តដំណើរទៅមុខ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស ដែលលោកបណ្ឌិត សាន វឌ្ឍនា អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រ របស់វិទ្យាស្ថាន ថាក់ គ្លូបល សម្រាប់សិស្សានុសិស្សបញ្ចប់ការសិក្សា នៃវគ្គបណ្ដុះបណ្ដាលជំនាញ ជំនាន់ទី១ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

លោកបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ គឺជាសញ្ញាខណ្ឌ ចំពោះវិស័យអប់រំ ហើយក៏ជាការរំញោចសម្រាប់ ឲ្យមានធុរកិច្ចស្ថាប័នបែបថ្មី ដែលមានភាពជាឌីជីថល។ ទោះបីសាលារៀនត្រូវបានផ្អាក យើងក៏ប្រើបាស់ឱកាសនេះ ឲ្យក្លាយជាចលករសម្រាប់ទៅជាដំណាក់កាលថ្មី ដើម្បីឲ្យវិស័យអប់រំបន្តដំណើរទៅមុខ»

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ រូបនេះ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមសហការ ជាមួយវិស័យឯកជនដែលរួមមាន៖ វិទ្យាស្ថាន ថាក់ គ្លូបល ដើម្បីបង្កើតដំណោះស្រាយបែបឌីជីថលថ្មីផងដែរ។ លោកថា ទាំងនេះហើយជាការចាប់ផ្ដើម នៃបដិវត្តន៍កម្មឌីជីថលក្នុងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត សាន វឌ្ឍនា ក៏សង្ឃឹមផងដែរថា សិស្សានុសិស្សទាំងអស់ អាចសម្លឹងមើលឱកាស សម្រាប់អាជីពរបស់ខ្លួន ប្រើប្រាស់ចំណេះដឹង ទៅបង្កើតផលិតផលសេវាកម្ម ទៅតាមវិស័យ ដែលកំពុងត្រូវការបច្ចេកវិទ្យា ទៅតាមជំនាញរៀងៗខ្លួន។

គូសបញ្ជាក់ថា សិស្សានុសិស្សសរុប៧៥នាក់ ដែលបានបញ្ចប់ការសិក្សា ទទួលបានអាហារូបករណ៍១០០% លើថ្លៃសិក្សា ដោយពួកគាត់បានឆ្លងកាត់ដោយជោគជ័យ នូវការប្រឡងជ្រើសរើស៣ តំណាក់កាលដ៍តឹងរឹង ដែលឆ្លងកាត់នូវការបណ្តុះបណ្តាល រៀងរាល់ចុងសប្តាហ៍ រយៈពេល១ឆ្នាំពេញ។

ថាក់ គ្លូបល ជាវិទ្យាស្ថានបច្ចេកវិទ្យា ដែលកំពុងរីកលូតលាស់ថ្មី នៅប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភទាំងស្រុង ដោយសប្បុរជនជប៉ុនមួយក្រុម ដែលមានចក្ខុវិស័យក្លាយវិទ្យាស្ថានឈានមុខគេ ក្នុងការបង្កើតធនធានមនុស្ស ដែលជាកម្លាំងពលកម្មជំនាញផ្នែកបច្ចេកវិទ្យាវិស្វកម្មនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍៕