(ភ្នំពេញ)៖ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្នុងជួរគណៈអភិបាល អញ្ជើញសូត្រមន្ត កាន់បិណ្ឌវេនទី៥ នៅវត្តពោធិព្រះបាត្រ ហៅវត្តច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីនោះដែរលោក ចេង មុនីរ៉ា ក៏បានប្រគេនទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខដល់ព្រះសង្ឃ និងប្រគេនបច្ច័យសម្រាប់កសាងវត្ត ១លានរៀល ព្រះចៅអធិការវត្ត ២០ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង សូត្រស្តាំ ក្នុង១ អង្គ១០ម៉ឺនរៀល និងសាមណេ ក្នុង១អង្គៗ ៤ម៉ឺនរៀល។

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា។ ក្នុងរដូវ កាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕