(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីពិភាក្សាអំពីការវិវត្តន៍រីកចម្រើន នៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំងសមិទ្ធិផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ បញ្ហាពហុភាគីនិងតំបន់ផ្សេងៗ ការឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ និងបញ្ហាវិបត្តិរវាងរុស្សី-អ៊ុយក្រែន ជាដើម៕