(សៀមរាប)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យសំណង់ និងការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅបារាយណ៍ខាងកេីត ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប និងបារាយណ៍លលៃ ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងដើម្បីរំដោះសោភ័ណភាពរមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

 គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ក្រុមការងារ បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បាន ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រផងដែរ។

ដោយឡែកសម្រាប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ប្រជាពលរដ្ឋស្ថិតនៅភូមិវាល សង្កាត់គោកចក ប្រមាណ ១០០០គ្រួសារទៀត ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងចាប់ឆ្នោតទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក៕