(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយសាលាដំបូងខេត្ត បានបើកកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌ខេត្តកំពង់ធំ រួមទាំងការិយាល័យចំណុះឱ្យស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ស្តីពីការពង្រឹងនីតិវិធីព្រហ្មទណ្ឌ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើប្រគល់ជូន។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ, លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាលខេត្ត និងលោកវរៈសេនីយ៍ឯក ថាច់ ចាន់បូរ៉ុម មេបញ្ជាការរងកងរាអាវុធខេត្តកំពង់ធំ។

នៅក្នុងកិច្ចប្រជុំនេះ សាលាដំបូងខេត្ត ព្រះរាជអាជ្ញា រួមទាំងរដ្ឋបាលខេត្តបានដាក់ចេញគោលការណ៍ចំនួន ៧ចំណុចរួមមាន៖

*ទី១៖ រាល់ការបង្រ្កាបបទល្មើស មន្ត្រីយុត្តិធម៌ត្រូវសហការ រាយការណ៍ និងសូមយោបល់ដឹកនាំពីប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាព ក្នុងដែនសមត្ថកិច្ច ដែលបទល្មើសកើតឡើង និងត្រូវរាយការណ៍ដោយផ្ទាល់ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ
*ទី២៖ រាល់ការបង្រ្កាបបទល្មើស ធនធានធម្មជាតិ ត្រូវអនុវត្តកម្លាំងចម្រុះដែលសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអប់រំ ផ្សព្វផ្សាយ និងអនុវត្តវិធានការច្បាប់ លើបទល្មើស ល្បែងស៊ីសង ក្នុងដែនសមត្ចកិច្ចឃុំ សង្កាត់របស់ខ្លួន
*ទី៤៖ លទ្ធផលបង្ក្រាបបទល្មើសទុកសិទ្ធិឱ្យជំនាញ កសាងសំណុំរឿងតាមអង្គហេតុ និងច្បាប់ជាក់ស្តែង
*ទី៥៖ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតួនាទី និងភារកិច្ច តាមច្បាប់ អនុក្រឹត្យ និងប្រកាសកំណត់ដោយមិនបំពានសមត្ថកិច្ចជំនាញ ។
*ទី៦៖ ខ្វះមន្ត្រីជំនាញកោសល្យវិច្ឆ័យ សូមឱ្យមន្ទីរសុខាភិបាល និងស្នងការនគរបាលត្រូវមានមន្ត្រីជំនាញកោសល្យវិច័យ
*និងទី៧៖ កិច្ចប្រជុំនេះ រៀបចំម្តងទៀតដើមឆ្នាំ២០២៣៕