(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងវេនទី៤ និងទី៥ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយមន្ត្រីរាជការក្រោមឱវាទរាជធានីភ្នំពេញ និងប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណី ប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តា នដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

ចំពោះទេយ្យទាន ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តលង្កាព្រះកុសុមារាមនាពេលនេះ រួមមាន៖ សាដកចំនួន២៥, បាយបត្តបូរចំនួន១២, មីចំនួន៣០កេស, ទឹកក្រូច៣០កេស, ទឹកបរិសុទ្ធចំនួន១០០កេស, អង្ករចំនួន១០០ក្រាម, ស្កសរ៥០គីឡូក្រាម, ផ្លែឈើ៤កន្ត្រក, ត្រីខកំប៉ុង១កេស,ទឹកដោះគោខាប់ ចំនួន១កេស,ក្រណាត់ស ចំនួន២០ដុំ និងថវិកា១០,០០០រៀល, បច្ចយ័ប្រគេន ព្រះសង្ឃ២១២អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល, បច្ច័យព្រះសង្ឃទេសនា ២០ម៉ឺនរៀល, ប្រគេនចៅអធិការ ចំនួន៤០ម៉ឺនរៀល ជូនលោកអាចារ្យចំនួន២០ម៉ឺនរៀល, ពុទ្ធិក យុវជន (សិស្ស និស្សិត) ៥០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល៕