(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា ការដែលចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិឱ្យចូលខ្លួនបំភ្លឺនៅក្នុង បន្ទប់សាកសួរនៃសាលាដំបូងរាជធានីភ្នំពេញ គឺជាការអនុវត្តនីតិវិធីនៃបទល្មើសជាក់ស្តែង ហើយថាបើលោក កឹម សុខា មិនសុខចិត្ត ត្រូវធ្វើយ៉ាងម៉េចឱ្យរដ្ឋសភា បោះឆ្នោតផ្អាកនីតិវិធីរបស់តុលាការ។

ការលើកឡើងរបស់ប្រធានតុលាការក្រុងភ្នំពេញ បានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចេញសេចក្តី ថ្លែងការណ៍មួយឆ្លើយ តបទៅនឹងដីកាកោះហៅលោក កឹម សុខា ដែលចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានអះអាងថា «ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ មិនអាចឱ្យតំណាងរាស្រ្តរបស់ខ្លួន ចូលបំភ្លឺដោយបង្ខំតាមដីកាកោះ ឬក៏ការកោះអញ្ជើញរបស់ស្ថាប័នណាបានឡើយឬមួយទទួល ការចោទប្រកាន់ណាពីសំណាក់តុលាការ ល្គឹកណាអភ័យឯកសិទ្ធិមិនទាន់ត្រូវបានលើកតាមការអនុម័តដោយមតិ ២ភាគ៣នៃសមាជិក សភាទាំងមូល ដូចមានចែងក្នុងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញទេនោះ»។

លោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញ បានលើកឡើងថា «រឿងអភ័យឯកសិទ្ធិហ្នឹង កាលណាបទល្មើសជាក់ស្តែងនីតិវិធី មានរួចហើយ អត់មានអ្វីត្រូវបញ្ជាក់រឿងហ្នឹងទេ អញ្ចឹងការងារខាងយើង យើងឈរលើល្មើសជាក់ស្តែងអាចធ្វើច្បាប់ ប៉ុណ្ណឹងឯង»។ លោកបានបន្ថែមថា «បទល្មើស ជាក់ស្តែងគឺយើងធ្វើតាមនីតិវិធី បើសិនជាគាត់មិនសុខចិត្ត ត្រូវឱ្យរដ្ឋសភា ធ្វើការរាំងស្ទះបញ្ឈប់ នីតិវិធីរបស់តុលាការអញ្ចឹងទៅ»។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអវត្តមានក្នុងការចូលបំភ្លឺតាមការកោះហៅរបស់តំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញចំនួន២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ជារកម្ម ដែលពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូល ខ្លួននេះ តុលាការចោទប្រកាន់ពីបទល្មើសជាក់ស្តែង នៃការមូលខ្លួនតាមការបំភ្លឺ តាមមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ ហើយបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា។ ជាមួយគ្នានេះរដ្ឋសភាក្រោមសំឡេង ភាគច្រើនដាច់ខាត បានបោះឆ្នោតគាំទ្រឱ្យតុលាការបន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។

មាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខ អយ្យការឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕